(តៃប៉ិ)៖ អ្នករៀបចំគោលនយោបាយស្ដីពីចិនរបស់តៃវ៉ាន់ នៅថ្ងៃពុធ ទី៤ ខែធ្នូ បាននិយាយថាការសម្លុតគំរាមខាងយោធារបស់ចិននឹងមានតែធ្វើឱ្យចិន និងតៃវ៉ាន់កាន់តែឃ្លាតឆ្ងាយពីគ្នាប៉ុណ្ណោះ ចំពេល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនព្រមានចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងទៅនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់នៅលើទឹកដីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ទៅកាន់រដ្ឋ Hawaii ក្រោម ក្របខណ្ឌនៃការបំពេញទស្សនកិច្ចទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកចំនួន៣ ដែលបន្តរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃប៉ិ។ លោក Lai ដែលមានគម្រោងចំណាយពេលមួយយប់ ស្នាក់នៅលើកោះ Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅប៉ាស៊ីហ្វិក នៅថ្ងៃពុធនេះផងនោះ គឺគ្រាន់តែធ្វើដំណើរឈប់សំចតនៅលើទឹកដីអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែ លោកចំណាយពេល២ថ្ងៃ នៅរដ្ឋ Hawaii ជាទីដែលលោកបានជួបអភិបាលរដ្ឋ ថ្លែងសុន្ទរកថា ព្រមទាំងធ្វើទស្សនកិច្ចទៅកាន់ស្ដូប​គោរព​វិញ្ញាណក្ខន្ធ​ទាហានពលីក្នុងសម័យសង្រ្គាមលោកលើកទី២។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងតៃប៉ិ លោក Chiu Chui-cheng ជារដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការចិនដីគោក បាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Lai ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ បណ្ដាប្រទេសដទៃ គឺជាអ្វីដែលតៃវ៉ាន់គាំទ្រជាសាធារណៈ។ លោកបានបន្ថែមថាប៉ុន្តែចិនបានសម្លុតគំរាមតៃវ៉ាន់ដោយប្រើអំណាចយោធារបស់ខ្លួន ដែលលោកផ្ទាល់យល់ថាប្រជាជនតៃវ៉ាន់មិនគាំទ្រ នោះទេ ហើយវាមានតែធ្វើឱ្យទំនាក់ទំនងជ្រោយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់កាន់តែឃ្លាតឆ្ងាយពីគ្នាប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងបទអត្ថាធិប្បាយមួយនៅថ្ងៃពុធនេះ ទូរទស្សន៍រដ្ឋចិនបាននិយាយថាគោលបំណងពិតប្រាកដនៃដំណើរឈប់សំចតរបស់លោក Lai Ching-te គឺដើម្បីពឹងផ្អែកលើសហរដ្ឋអាមេរិក ក្នុងការស្វែងរកឯករាជ្យ ដែលនេះបានបង្ហាញថាលោកជាអ្នកបំផ្លិចផ្លាញពិតប្រាកដដល់សន្តិភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ទូរទស្សន៍រដ្ឋចិនក៏បានព្រមានថាដែរថាចិននឹងចាត់វិធានការឆ្លើយតប យ៉ាងខ្លាំងក្លាដើម្បីការអធិតេយ្យរបស់ខ្លួន ខណៈមានសេចក្ដីរាយការណ៍ថាប៉េកាំងអាចនឹងធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់សាជាថ្មី៕