(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសសិង្ហបុរី លោក Lawrence Wong បានធ្វើតេស្តមានវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ហើយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក និងធ្វើការងារពីផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។

តាមរយៈការបង្ហោះសារលើហ្វេសប៊ុក កាលពីថ្ងៃអង្គារ លោក Wong បញ្ជាក់ដូច្នេះថា «ដំបូងឡើយ ខ្ញុំគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា។ ខ្ញុំទើបតែធ្វើតេស្តដើម្បីឱ្យប្រាកដ ជាលទ្ធផលខ្ញុំបានឆ្លងកូវីដ១៩ លើកដំបូង បន្ទាប់ពីប៉ុន្មានឆ្នាំមកនេះ។ ជារួម ខ្ញុំមិនអីទេ ហើយ​នឹង​ធ្វើ​ការ​ងារពី​ផ្ទះ»

លោក Wong បានក្រើនរំលឹកដល់សាធារណជន ឱ្យបន្តធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយ ខណៈដែលរដូវកាលវិស្សមកាលកាន់ខិតជិតមកដល់ ដោយមនុស្សម្នាជាច្រើនអាចនឹងត្រូវធ្វើដំណើរ។ លោកបន្ថែមថា ប្រសិនបើមានបញ្ហាសុខភាព សូមពាក់ម៉ាស និងអនុវត្តការប្រុងប្រយ័ត្ននានា ដើម្បីការពារខ្លួនឯង និងអ្នកដ៏ទៃ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោក Wong បានទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក តាមការអញ្ជើញរបស់ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ។ មុន​ទៅប្រទេសថៃ លោក​បានចូលរួម​កិច្ច​ប្រជុំ​កំពូល APEC នៅ​​ប៉េរូ និង​កិច្ច​ប្រជុំ G20 នៅ​ប្រេស៉ីល៕