(ព្រុចសែល)៖ កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ រដ្ឋមន្រ្តីការបរទេសនៃប្រទេសឡេតូនី បានអះអាងថា សមាជិកភាគច្រើននៃអង្គការ NATO កំពុងតែទន្ទឹងរង់ចាំមើល រដ្ឋាភិបាលអាមេរិកថ្មីជាមុនសិន ទើបសម្រេចចិត្តលើសំណើរបស់អ៊ុយក្រែន ដែលចង់ទទួលបានការអញ្ជើញចូលជា សមាជិករបស់បក្សសម្ព័ន្ធយោធាមួយលោកខាងលិចមួយនេះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្រ្តីការបរទេសឡាតូនី លោកស្រី Baiba Braze បាននិយាយដូច្នេះថា «បើជាគោលការណ៍ គឺពួកយើងក្នុងនាមជា មេដឹកនាំនយោបាយ បានយល់ស្របថា អ៊ុយក្រែននឹងក្លាយជាសមាជិក ប៉ុន្តែបញ្ហាគឺត្រង់ថា តើនៅពេលណា។ ត្រង់ចំណុចនេះ គឺសមាជិកទាំងអស់ ត្រូវតែមូលមតិគ្នា ហើយឥឡូវអ្នករាល់គ្នា កំពុងរង់ចាំមើលរដ្ឋាភិបាលអាមេរិកសិន មុនចាប់ផ្តើមធ្វើការ លើរឿងនេះ»។
អ៊ុយក្រែនបានស្នើឱ្យ ក្រុមរដ្ឋមន្រ្តីការបរទេស NATO អញ្ជើញខ្លួនចូលជាសមាជិក អំឡុងកិច្ចប្រជុំនៅទីក្រុងព្រុចសែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែក្រុមសមាជិក NATO មិនបានធ្វើតាមសំណើរបស់ទីក្រុងកៀវ នោះទេ។ ស្របពេលដែល NATO ធ្លាប់ប្រកាសថា អ៊ុយក្រែននឹងបានចូលរួមជាសមាជិក ហើយផ្លូវរបស់អ៊ុយក្រែន មកកាន់ NATO គឺមិនអាចប្រែក្រឡាស់វិញ ក៏ដោយ NATO មិនទាន់បានអញ្ជើញ ឬកំណត់ពេលវេលាណាមួយ សម្រាប់សមាជិកភាព នៅឡើយ។
គួរបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ធ្លាប់បាននិយាយថា រូបលោកនឹងបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែផែនការរបស់ក្រុមការងារលោក ស្តីពីគោលនយោបាយអ៊ុយក្រែន គឺនៅមិនទាន់ច្បាស់នៅឡើយទេ៕