(សេអ៊ូល)៖ នៅថ្ងៃពុធ ទី៤ ខែធ្នូ ក្រុមគណបក្សប្រឆាំង នៅប្រទេសកូរ៉េខាងត្បូង បានរួមគ្នាដាក់ចេញសេចក្តីព្រាងមួយ ដើម្បីដំណើរការនីតិវិធីចោទប្រកាន់ ​ដកតំណែងប្រធានាធិបតី លោក Yoon Suk Yeol បន្ទាប់ពីរូបលោកបានព្យាយាម ដាក់ប្រទេសអាស៉ីបូព៌ាមួយនេះ ឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គណបក្សប្រឆាំងចំនួន៦ ក្នុងនោះរួមមានទាំង បក្សប្រឆាំងធំជាងគេគឺ Democratic Party បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ពួកយើងបានរួមគ្នាដាក់ចេញហើយ នូវសេចក្តីព្រាងសំដៅដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងលោកប្រធានាធិបតី»។ ការបោះឆ្នោតលើសេចក្តីព្រាងនោះ អាចនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។ បក្ស Democratic Party បានអំពាវនាវឱ្យលោក Yoon ចុះចេញពីតំណែងដោយខ្លួនឯង បើមិនចង់ប្រឈមនីតិវិធីដកតំណែង។ លោក Yoon បានកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង តាំងពីឆ្នាំ២០២២មក។

គណបក្ស Democratic Party បាននិយាយថា ខ្លួនក៏មានបំណងចោទប្រកាន់ លោក Yoon រួមជាមួយរដ្ឋមន្រ្តីរបស់លោក ព្រមទាំងថ្នាក់ដឹកនាំផ្នែកយោធា និងប៉ូលិស ដែលពាក់ព័ន្ធ ដូចជាមេបញ្ជាការច្បាប់អាជ្ញាសឹក និងមេបញ្ជាការប៉ូលិស ជាដើម អំពីបទបង្កការបះបោរ ផងដែរ។ រីឯមេដឹកនាំគណបក្ស People Power Party (PPP) របស់លោក Yoon ផ្ទាល់ ដែលជាបក្សកាន់អំណាច ថែមទាំងបានអំពាវនាវឱ្យបណ្តេញរូបលោក ចេញពីបក្ស ហើយឱ្យរដ្ឋមន្រ្តីការពារជាតិ និងគណៈរដ្ឋមន្រ្តីទាំងមូល នាំគ្នាលាលែងពីតំណែង។

គួរបញ្ជាក់ថា សមាជិក១៨នាក់ នៃបក្សកាន់អំណាច PPP គឺស្ថិតក្នុងចំណោម សមាជិកសភាទាំង១៩០នាក់ ដែលបានបោះឆ្នោត​កណ្តាលអធ្រាត្រ ដើម្បីឱ្យមានការដកច្បាប់អាជ្ញាសឹកចេញវិញ នៅប៉ុន្មានម៉ោងក្រោយលោក Yoon បានប្រកាសឱ្យដាក់ចេញ។ លោក Yoon មកទល់ពេលនេះ មិនទាន់ចេញមុខធ្វើការឆ្លើយតបជាសាធារណៈនៅឡើយទេ ប៉ុន្តែបើតាមកាសែតក្នុងស្រុក Chosun Ilbo ដែលផ្អែកលើប្រភពជិតស្និទ្ធនឹងបក្ស PPP ក្រុមទីប្រឹក្សាជាន់ខ្ពស់ និងជំនួយការប្រធានាធិបតី បាននាំគ្នាស្នើសុំ​លាលែងជាបន្តបន្ទាប់៕