(ហ្សឺណែវ)៖ នៅថ្ងៃពុធនេះ អង្គការសហប្រជាជាតិ (UN) បានប្រកាសអំពាវនាវរក ថវិកាចំនួន៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥ ដល់មនុស្សប្រមាណ ១៩០លាននាក់ នៅជុំវិញពិភពលោក ដែលរត់គេចពីសង្រ្គាម និងប្រឈមគ្រោះអត់ឃ្លាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Tom Fletcher ដែលជាប្រធានថ្មី នៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់ UN បាននិយាយថា ពិភពលោកកំពុងប្រឈមទុក្ខវេទនាក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង ដូច្នេះហើយ UN សង្ឃឹមថា នឹងអាចនាំយកជំនួយទៅដល់ ដៃមនុស្សនៅប្រទេសចំនួន៣២ នាឆ្នាំក្រោយ ក្នុងនោះរួមមានទាំង អ្នកស្ថិតនៅស៊ូដង់ ស៉ីរី អ៊ុយក្រែន និងហ្កាហ្សា ដែលហែកហួរដោយសារសង្រ្គាម។ ការអំពាវនាវខាងលើ គឺជាចំនួនទឹកប្រាក់ធំបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ OCHA។
UN បានសម្រេចកាត់បន្ថយការអំពាវនាវថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ពីចំនួន៥៦ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ មកនៅ៤៦ពាន់លានដុល្លារ ស្របពេលការបរិច្ចាគបានថយចុះ ទោះជាបែបនេះក៏ដោយ UN រកបានត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ នៃថវិកា៤៦ពាន់លានដុល្លារនោះ ដែលជាអត្រាអាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្រ្ត៕