(បេរូត)៖ អ៉ីស្រាអែល បានគំរាមថានឹងវិលទៅធ្វើសង្រ្គាមនៅលីបង់វិញ ប្រសិនបើបទឈប់បាញ់ជាមួយក្រុមហេសបូឡា ដួលរលំទាំងស្រុង ហើយការវាយលុកនៅលើកនេះ នឹងចូលកាន់តែជ្រៅ ហើយកំណត់គោលដៅលើរដ្ឋលីបង់តែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។

បទឈប់បាញ់អ៉ីស្រាអែល-ហេសបូឡា ដែលចូលជាធរមានកាលពីសប្តាហ៍មុន ត្រូវបានបំពាន ដោយភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមក។ នៅពេលចុះទៅកាន់តំបន់ព្រំដែនភាគខាងជើង រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz គូសបញ្ជាក់ថា «បើយើងវិលទៅធ្វើសង្រ្គាមវិញ យើងនឹងធ្វើឱ្យខ្លាំងជាងមុន ហើយអ្វីដែលសំខាន់បំផុត ដែលពួកគេត្រូវដឹង នោះគឺនឹងលែងមានការលើកលែង សម្រាប់រដ្ឋលីបង់ទៀតហើយ»។ លោកបន្ថែមថា «ប្រសិនបើសង្រ្គាមបន្ត​​មក​ដល់​ពេល​នេះ ​យើង​បាន​បំបែក​រដ្ឋ​លីបង់ ​ពី​ក្រុមហេសបូឡា បាត់ទៅហើយ»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់លីបង់ បានជំរុញដល់ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉ារីស ឱ្យដាក់សម្ពាធលើអ៉ីស្រាអែល ឱ្យរក្សាបទឈប់បាញ់។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matt Miller បទឈប់បាញ់កំពុងជាប់គាំង ហើយអាចមាននូវការបំពានពិតមែន។

ដោយឡែក អ្នកតំណាងរបស់បារាំង លោក Guillaume Ponchin គ្រោងទៅដល់ទីក្រុងបេរូត នៅថ្ងៃពុធនេះ ហើយគណៈកម្មាធិការនឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃព្រហស្បតិ៍។ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ Reuters ​សំដៅ​លើ​ការ​វាយ​ប្រហារ​បណ្តើរៗ​របស់​អ៉ីស្រាអែលថា ទោះ​ជា​មាន​បទ​ឈប់​បាញ់​ក៏​ដោយ ប៉ុន្តែ​​ភាព​បន្ទាន់​ក្នុង​ការ​បញ្ចប់​យន្តការត្រូវតែមាន បើ​មិន​ដូច្នេះ​ទេ​វា​នឹង​យឺត​ពេល​៕