(តៃប៉ិ)៖ ទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់នឹងធ្វើជាម្ចាស់ផ្ទះ ទទួលគណៈប្រតិភូជាន់ខ្ពស់ដ៏កម្រមួយរបស់ចិន នៅចុងខែធ្នូ ដោយអភិបាលរងក្រុងសៀងហៃ ត្រូវមកចូលរួមវេទិកាប្រចាំឆ្នាំថ្នាក់ក្រុង ខណៈដែលទស្សនកិច្ចនាពេលខាងមុខនេះ កើតឡើងចំពោះមុខភាពតានតឹង ទូទាំងច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។

អ្នកនាំពាក្យរដ្ឋបាលក្រុងតៃប៉ិ លោក Yin Wei បានប្រាប់អ្នកយកព័ត៌មានថា លោក Hua Yuan ដែលជាអភិបាលរងក្រុងសៀងហៃ នឹងមកកាន់ទីក្រុងតៃប៉ិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ សម្រាប់ Taipei-Shanghai City Forum ដោយវេទិកានេះរៀបចំលើកដំបូង កាលពីឆ្នាំ ២០១០។ លោកបញ្ជាក់ថា «ឆ្នាំនេះ គឺជាការរៀបចំលើកទី ១៥ ដោយកន្លងមកមានការចុះ អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤៥ បង្ហាញឱ្យឃើញនូវលទ្ធផលដ៏ល្អ រវាងទីក្រុងសងខាងច្រកសមុទ្រតៃវ៉ាន់ទាំងពីរនេះ»។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន Xinhua ក៏បានទទួលស្គាល់ដែរថា នឹងមានការរៀបចំវេទិកាក្នុងទីក្រុងតៃប៉ិ នៅឆ្នាំនេះ។ ការផ្លាស់ប្តូររវាងទីក្រុងទាំងពីរ បានអំណោយផលដល់ការបង្កើនភាពស្និទ្ធស្នាល និងសុខមាលភាពជនរួមជាតិ ដែលនៅសងខាងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនង ប្រកបដោយសន្តិភាព។

គួរបញ្ជាក់ថា រដ្ឋបាលតៃវ៉ាន់ បាននិងកំពុងជំរុញឱ្យបើកកិច្ចចរចាឡើងវិញជាមួយចិន ប៉ុន្តែទីក្រុងប៉េកាំងបដិសេធ សហការពិភាក្សាជាមួយមេដឹកនាំ លោក Lai Ching-te ដោយហៅរូបលោកថាជា «អ្នកបំបែកខ្លួន»៕