(ប៉េកាំង)៖ រយៈពេលជាង១ទសវត្សរ៍មកនេះ ប្រាជ្ញាចិនស្តីពី «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» បានល្បីខ្ទរខ្ទាពីក្នុងប្រទេសចិនដល់ពិភពលោក ហើយនៅគ្រប់វេទិកាអន្តរជាតិ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមានG20, APEC, BRICS, SCO ជាដើម ប្រទេសចិនតាមរយៈលោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់ពីសហគមន៍ រួមវាសនានៅក្នុង យុគសម័យថ្មី ដែលកំពុងបន្តដំណើរយ៉ាងស្វាហាប់ នៅក្នុងប្រសិទ្ធភាពកម្រិតខ្ពស់ ជាក់ស្តែងនៅក្នុងវេទិកាG20ឆ្នាំ២០២៤ លោក Xi Jinping បានគូសរំលេចពីប្រាជ្ញាចិនដែលសម្រេចបាន នូវការកាត់បន្ថយភាពក្រីក្រពីប្រជាជន ប្រមាណ៨០០លាននាក់ ហើយកំពុងឈានទៅសម្រេចបានមុនកាលកំណត់ នៃរបៀបវារៈឆ្នាំ២០៣០របស់ អង្គការសហប្រជាជាតិសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមដល់សន្តិសុខស្បៀងសកល។
ដោយប្រកាន់ខ្ជាប់នូវមរតកស្មារតីផ្លូវសូត្រនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន បានលើកកម្ពស់ការអភិវឌ្ឍជាទូទៅ របស់ពិភពលោក ដោយចិនយល់ច្បាស់ថា ការអភិវឌ្ឍរួមរបស់អ្នកទាំងអស់គ្នា ទើបជាការអភិវឌ្ឍដ៏ពិតប្រាកដ ហើយជានិច្ចកាលគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ដែលនឹងឈានឆ្ពោះទៅ កាន់ការកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺដើម្បីកសាងពិភពលោកដ៏យុត្តិធម៌ ដែលមានការអភិវឌ្ឍរួមគ្នា មានវិបុលភាព និងមានស្ថិរភាព ដោយការអភិវឌ្ឍរបស់ពិភពលោក កាន់តែបរិយាប័ន្ន កាន់តែផ្តល់ផលប្រយោជន៍ជាទូទៅ និងកាន់តែមានភាពធន់ ដែលជាពិសេសគំនិតផ្តួចផ្តើមរបស់ប្រទេសចិន បានជួយធ្វើឱ្យគម្លាតកាន់តែរួមតូច រវាងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសអភិវឌ្ឍតិចតួច។
គំនិតផ្តួចផ្តើមរបស់ប្រទេសចិនដែលបានចេញដំណើរតាំងពីឆ្នាំ២០១៣មក បានឈានចូលដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយពន្លឿនល្បឿនអភិវឌ្ឍ សហគមន៍វាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការប្រកាន់ខ្ជាប់ នូវការណែនាំនៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការចូលរួមចំណែករួម និងផលប្រយោជន៍រួម ភាពបើកចំហ ភាពបៃតងនៃអរិយធម៌អេកូឡូស៊ី និងសុចរិតភាពនៃប្រព័ន្ធច្បាប់ និងសន្តិសុខសកល ព្រមទាំងស្តង់ដារខ្ពស់ នៃអភិបាលកិច្ចសកល ដើម្បីផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅ និងនិរន្តរភាពរបស់ប្រជាជន ។
កិច្ចសហប្រតិបត្តិការបើកចំហ និងភាពរឹងមាំនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្របតាមនិយាមរបស់អង្គការពាណិជ្ជកម្មពិភពលោក នៅតែជាស្នូលដូចមានចែងនៅក្នុង គំនិតផ្តួចផ្តើម របស់ប្រទេសចិន ស្តីពី «អភិវឌ្ឍសកល» សំដៅដោះស្រាយវិសមភាពសកល និងជំរុញការអភិវឌ្ឍ និងវិបុលភាពរួមប្រកបដោយបរិយាប័ន្ន និងចីរភាព ស្របទៅនឹងទស្សនវិជ្ជាចិន ជាក់ស្តែងនៅក្នុងវេទិកា APEC ឆ្នាំ២០២៤ លោក Xi Jinping បានគូសបញ្ជាក់ពីការផ្តល់កម្លាំងចិត្តថ្មីដល់កិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរក សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបើកចំហ និងលើកកម្ពស់ ចរាចរណ៍សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ដោយជំរុញឱ្យបណ្តាប្រទេស APEC គួរតែរុះរើជញ្ជាំង ដែលរារាំងលំហូរនៃពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងសេវាកម្ម។ តាមរយៈប្រទេសចិន រាល់វេទិកាអន្តរជាតិនានា ដែលក្នុងនោះរួមមាន APEC និង G20 ចិនបានចូលរួមប្តេជ្ញាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈ ភាពជាដៃគូសហការដោយយកឈ្នះ នូវភាពខុសគ្នារវាងគ្នា ហើយស្វែងរកការផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។
មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិនតែងតែឈរយ៉ាងរឹងមាំ ជាដៃគូរបស់បណ្តាប្រទេសសកលខាងត្បូង គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន បានរួមចំណែកបង្កើនសម្លេង នៃកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសសកលខាងត្បូង ដូចជាការបង្កើតមូលនិធិកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដោយបានអនុវត្ត គម្រោងជាច្រើន លើការចាត់វិធានការជាក់ស្តែង។ នៅក្នុងវេទិកា G20 ឆ្នាំ២០២៤ ប្រទេសចិនបានលើកទឹកចិត្ត ដល់បណ្តាប្រទេសG20គាំទ្រដល់ ការសម្រេចបាននូវការអភិវឌ្ឍកាន់តែច្រើន ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសសកលខាងត្បូង។
ជារួម តាមរយៈសកម្មភាពជាក់ស្តែង នៅក្នុងស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការស្របតាមចរន្ត ពហុភាគីនិយម គំនិតផ្តួចផ្តើមទាំងអស់របស់ប្រទេសចិន គឺជាបុរេសកម្ម និងជាដំណោះស្រាយ ឬជាឱសថដ៏ស័ក្តិសិទ្ធិ ដែលអាចព្យាបាល ទាំងរោគសញ្ញា និងមូលហេតុដើមនៃបញ្ហា ហើយគំនិតផ្តួចផ្តើមទាំងអស់នេះបង្កើត បានជាវិធានការដ៏ពេញលេញ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកមាគ៌ាដ៏រឹងមាំ មាននិរន្តរភាព មានចីរភាព មានតុល្យភាព និងមានកំណើនប្រកបដោយបរិយាប័ន្ន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន