(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-Hyun នៅថ្ងៃពុធនេះ បានចេញមុខសុំទោសប្រជាជន និងបានស្នើសុំលាលែងចេញពីមុខតំណែង ក្រោយជាប់ពាក់ព័ន្ធ ក្នុងការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលទទួលបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Kim បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ជាដំបូង ខ្ញុំសូមបង្ហាញការស្តាយក្រោយជាខ្លាំង និងសូមទទួល​ខុសត្រូវទាំងស្រុង សម្រាប់ភាពជ្រួលច្របល់ និងក្តីព្រួយបារម្ភ ដែលបានបង្កឡើងចំពោះសាធារណជនទាំងអស់ ពាក់ព័ន្ធទៅនឹងច្បាប់អាជ្ញាសឹក... ខ្ញុំបានទទួលខុសត្រូវយ៉ាងពេញលេញ សម្រាប់បញ្ហានានា ដែលទាក់ទិននឹងច្បាប់អាជ្ញាសឹក ហើយបានដាក់ពាក្យសុំលាលែងពីតំណែង ទៅកាន់លោកប្រធានាធិបតី»។ លោក Kim Yong-Hyun ទើបតែឡើងកាន់តួនាទី​ជា ប្រមុខការពារជាតិកូរ៉េខាងត្បូង កាលពីខែកញ្ញា ឆ្នាំនេះ ប៉ុណ្ណោះ។

លោក Yoon Suk Yeol បានធ្វើឱ្យប្រទេសជាតិទាំងមូល រំជើបរំជួលជាមួយការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក កាលពីវេលាយប់ជ្រៅថ្ងៃអង្គារ ដើម្បីទប់ស្កាត់នូវអ្វីដែលលោកហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» ស្ថិតនៅក្នុងចំណោមអ្នកនយោបាយបក្សប្រឆាំង ដែលលោកចោទថា មានទំនោរងាកទៅរកកូរ៉េខាងជើង។ ប៉ុន្មានម៉ោងក្រោយមក ក្រុមសមាជិកសភាកូរ៉េខាងត្បូង បានរួមគ្នាបោះឆ្នោតទាមទារឱ្យដកច្បាប់អាជ្ញាសឹកនោះចេញវិញ ហើយលោក Yoon ក៏ព្រមធ្វើតាម។

គួរបញ្ជាក់ថា ក្រុមគណបក្សប្រឆាំងចំនួន៦ នាថ្ងៃពុធនេះ បានដាក់ចេញសេចក្តីព្រាងមួយ សំដៅដំណើរការនីតិវិធីចោទប្រកាន់ជាផ្លូវការ ដើម្បីដកតំណែងលោក Yoon តែម្តង ស្របពេលដែល បក្សប្រឆាំងធំជាងគេ គឺ Democratic Party បានស្នើឱ្យលោក Yoon ចុះចេញពីតំណែងដោយខ្លួនឯង ប្រសិនបើមិនចង់ប្រឈមមុខជាមួយ នីតិវិធីដកតំណែងរបស់សភា៕