(កៀវ)៖ ស្របពេលដែលយោធាអ៊ុយក្រែន ស្វះស្វែងរកកងទ័ពឱ្យបានគ្រប់គ្រាន់ ជាពិសេសទ័ពថ្មើរជើង ដើម្បីទប់ទល់នឹងកងទ័ពដ៏ច្រើនរបស់រុស្ស៉ី អង្គភាពខ្លះបានប្រកាសផ្តល់ឱកាសលើកទីពីរ សម្រាប់អ្នកដែលរត់ចោលជួរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។

ទិន្នន័យពីការិយាល័យរដ្ឋអាជ្ញា បង្ហាញថា សំណុំរឿងឧក្រិដ្ឋកម្មជិត ៩៥,០០០ករណី ត្រូវបានបើកតាំងពីឆ្នាំ ២០២២មក ប្រឆាំងនឹងទាហានដែលអវត្តមានពីការងារ ដោយគ្មានការជូនដំណឹង និងបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបន្ថែមទៀត សម្រាប់ការរត់ចោលជួរ។ ករណីនេះបានកើនឡើងជាបន្តបន្ទាប់ ដោយស្ទើរតែពីរភាគបីនៃចំនួនសរុប មកទល់នឹងឆ្នាំ ២០២៤ ខណៈដែលកងទ័ពរាប់ម៉ឺននាក់ បានស្លាប់ ឬរបួស ប៉ះពាល់ដល់លទ្ធភាពធ្វើសង្រ្គាមរបស់អ៊ុយក្រែន។

ឥលូវនេះ អង្គភាពមួយចំនួនកំពុងបំពេញកម្លាំងរបស់ពួកគេ ដោយការទទួលយកទាហាន ដែលធ្លាប់អវត្តមានការងារពីមុន ត្រលប់មកវិញ។ អង្គភាពយោធាពីររបស់អ៊ុយក្រែន បានប្រាប់ Reuters ថាពួកគេបានទទួលយក អ្នកអវត្តមានការងារកន្លងមក ជាជាងអ្នករត់ចោលជួរ។ នៅក្នុងជួរយោធា អ្នកអវត្តមានការងារ ត្រូវបានចាត់ទុកជា​បទល្មើស​តិច​ជាង អ្នករត់ចោលជួរ។ ច្បាប់ដែលចុះហត្ថលេខានាពេលថ្មីៗនេះ បានកាត់បន្ថយការធ្លាក់ចុះនូវចំនួនទាហាន តាមរយៈការអនុញ្ញាតឱ្យពួកគេ ត្រលប់មកបម្រើការវិញ។

គួរបញ្ជាក់ថា ទាហានអ៊ុយក្រែន ដែលអវត្តមានពីការងារចំនួន ៦ ០០០នាក់ បានត្រលប់មកបម្រើការវិញ កាលពីខែមុន៕