(បាងកក)៖ អាជ្ញាធរក្នុងតំបន់បានប្រកាសឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ២៩នាក់ ខណៈប្រជាជនជាង ៣ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤។
ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់នៅក្នុងតំបន់នេះ ដែលបណ្តាលឱ្យមានទឹកជំនន់ និងប៉ះពាល់ដល់គ្រួសារជាង ១៥ម៉ឺនគ្រួសារ។ ខេត្តចំនួន ៥ នៅភាគខាងត្បូងប្រទេសថៃ រងផលប៉ះពាល់ខ្លាំងបំផុត គឺខេត្ត Pattani, Narathiwat, Songkhla, Nakhon Si Thammarat និង Phatthalung។
ដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ អាជ្ញាធរបានដាក់ពង្រាយក្រុមជួយសង្រ្គោះ និងផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់។ រដ្ឋាភិបាលក៏បានកំណត់ថវិកាសម្រាប់ការសង្គ្រោះ និងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។
នាយកដ្ឋានឧតុនិយមថៃបានព្រមាននៅព្រឹកថ្ងៃពុធនេះថា សម្ពាធទាបដែលផ្លាស់ទីពីសមុទ្រចិនខាងត្បូងឆ្លងកាត់ប្រទេសម៉ាឡេស៊ី និងសមុទ្រ Andaman ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បន្ថែមទៀតដល់ភាគខាងត្បូងប្រទេសថៃ។
គួរបញ្ជាក់ថា ទឹកជំនន់នេះក៏បានប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសជិតខាង ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីផ្ទះសម្បែងផងដែរ។ អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់នៅក្នុងតំបន់ទាំងមូល៕