(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអំពាវនាវឱ្យដំណើរនីតិវិធីចោទប្រកាន់ដកតំណែងប្រធានាធិបតី លោក យូន ស៊ុកយុល បន្ទាប់ពីរូបលោកបានប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស។ ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹកដ៏ភ្ញាក់ផ្អើលរបស់លោក យូន កាលពីយប់ថ្ងៃអង្គារ បានបង្កឱ្យមានភាពតានតឹងជាមួយសភា ដែលបានជំទាស់ការប៉ុនប៉ង របស់លោកដើម្បីហាមឃាត់សកម្មភាពនយោបាយ និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយ។
សភាកូរ៉េខាងត្បូងជាមួយសមាជិក ១៩០រូប ក្នុងនោះរួមមានទាំងសមាជិកសភា ១៨រូបមកពីគណបក្សរបស់លោក យូន ដែលមានវត្តមាននៅឯសភាបានបោះឆ្នោតអនុម័តញត្តិមួយដោយទាមទារ ឱ្យដកច្បាប់អាជ្ញាសឹកចេញវិញ។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺអនាគតនយោបាយរបស់លោក យូន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងពេលដែលសភាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ គណបក្សប្រឆាំង ស្រាប់ផងនោះ។
* ហេតុអ្វីលោក យូន ដាក់ចេញច្បាប់អាជ្ញាសឹក?
ថ្លែងតាមកញ្ចក់ទូរទស្សន៍ចេញពីការិយាល័យប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល លោក យូន បាននិយាយថាការដាក់ចេញច្បាប់អាជ្ញាសឹក គឺជារឿងចាំបាច់ដើម្បីការពារប្រទេសជាតិ ពីការគំរាមកំហែងពី កូរ៉េខាងជើង និងទប់ស្កាត់កងកម្លាំងប្រឆាំងនឹងរដ្ឋមានទំនោរងាកទៅរកកូរ៉េខាងជើងដែលកំពុងប្លន់យកសេរីភាព និងសុភមង្គលពីប្រជាជនកូរ៉េខាងត្បូង។ ប៉ុន្តែ ដោយមិនបានបញ្ជាក់ឱ្យច្បាស់ថាតើអ្វី ទៅជាការគំរាមកំហែងពីកូរ៉េខាងជើង លោក យូន បានរិះគន់ចំៗលើគណបក្សប្រឆាំងដែលលោកចាត់ទុកថាជា «សំបុកពួកឧក្រិដ្ឋជន» ដែលកំពុងព្យាយាមផ្ដួលរំលំសេរីភាព និងប្រជាធិបតេយ្យ នៃប្រជាជនកូរ៉េខាងត្បូង។ បើតាមលោក យូន លោកផ្ទាល់គ្មានជម្រើសនោះទេ ក្រៅតែពីសម្រេចចិត្តប្រើធម៌ក្ដៅ ដើម្បីការពារថែរក្សាសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ។
តាមការពិតទៅ កូរ៉េខាងត្បូងបានស្ថិតក្នុងភាពគាប់គាំងនយោបាយជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីគណបក្សប្រឆាំងទទួលបានជ័យជម្នះដោយឈ្នះអាសនៈភាគច្រើន នៅក្នុងសភាកាលពី ខែមេសា មក។ ការបោះឆ្នោតសភានៅពេលនោះដែរ ត្រូវបានក្រុមអ្នកវិភាគហៅថាជាការបោះឆ្នោតប្រជាមតិមួយលើលោក យូន ដែលកំពុងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុកដោយសាររឿងអាស្រូវ និងភាពចម្រូងចម្រាសចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០២២។ លោក យូន ដែលជាអ្នកនយោបាយអភិរក្សនិយម មានទំនាស់យ៉ាងស្រួចស្រាល់ជាមួយគណបក្សប្រឆាំង ហើយជម្លោះនយោបាយបានឡើងកម្ដៅជាអតិបរមា នាប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយគណបក្សប្រឆាំងបានរាំងខ្ទប់ផែនការកញ្ចប់ថវិការបស់លោក យូន និងគំរាមដំណើរការនីតិវិធីចោទប្រកាន់តំណែង មន្ត្រីកំពូលៗជាច្រើនរូបនៅក្នុងជួររដ្ឋាភិបាលរបស់លោក។ មិនតែប៉ុណ្ណោះ បក្សប្រឆាំងថែមទាំងកំពុងព្យាយាមបើកការស៊ើបអង្កេតលើលោក យូន និងភរិយាទៀតផង ក្នុងនោះរួមមានទាំងការចោទប្រកាន់ ពាក់ព័ន្ធនឹងការលូកលាន់កិច្ចការបោះឆ្នោត រហូតដល់រឿងអាស្រូវដែលភរិយារបស់លោក យូន ទទួលកាបូបដ៏ប្រណិតមួយ ដែលគេសង្ស័យថាជាសំណូកសូកប៉ាន់។
លោក យូន បានអះអាងថាលោកប្រកាសដាក់ច្បាប់អាជ្ញាសឹកគឺដើម្បីរារាំងកុំឱ្យគណបក្សប្រឆាំងធ្វើឱ្យរដ្ឋបាលរបស់លោកជាប់គាំង។ តាមរយៈច្បាប់អាជ្ញាសឹក លោក យូនត្រូវបានគេមើលឃើញថាមាន បំណងបញ្ឈប់សកម្មភាពនយោបាយ ហាមឃាត់ការធ្វើកូដកម្មរបស់ក្រុមសហជីព និងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ។ ជាក់ស្ដែង អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានដាក់ពង្រាយកងទ័ពភ្លាមៗ ទៅកាន់វិមានសភា មុននឹងបញ្ជាឱ្យកងទ័ពត្រឡប់ចូលបន្ទាយវិញក្រោយលោក យូន ដកច្បាប់អាជ្ញាសឹក។
* ហេតុអ្វីលោក យូន ដកច្បាប់អាជ្ញាសឹក?
លោក យូន បានសម្រេចចិត្តដាក់ចេញច្បាប់អាជ្ញាសឹកដែលជាវិធានការក្ដៅបំផុតមួយ ក្នុងចេតនាដែលគេមើលឃើញថាជាការប៉ុនប៉ងបិទបញ្ចប់ការជាប់គាំងនយោបាយ។ តែវាប្រៀបដូចជា កាំបិតមុខ២ អាចធ្វើឱ្យលោករងរបួស។ សមាជិកសភានៃគណបក្សរបស់លោកចំនួន១៨រូប បានចូលរួមជាមួយគណបក្សប្រឆាំង ដើម្បីអនុម័តញតិ្តទាមទារឱ្យរូបលោកដកច្បាប់អាជ្ញាសឹក។ នៅក្រោមច្បាប់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតម្រូវឱ្យដកច្បាប់អាជ្ញាសឹកវិញជាបន្ទាន់ ប្រសិនបើសភាទាមទារឱ្យដកចេញ ក្នុងសំឡេងបោះឆ្នោតភាគច្រើន។ គិតត្រឹមម៉ោង ៥៖ ២០នាទី ព្រឹកថ្ងៃពុធ គណៈរដ្ឋមន្ត្រីរបស់លោក យូន បានអនុម័តលើការដកច្បាប់អាជ្ញាសឹកចេញ។ លោក យូន កំពុងប្រឈមមុខនឹងការអំពាវឱ្យចុះចេញពីតំណែង ស្របពេលសមាជិកសភាមកពីគណបក្សប្រឆាំងប្រកាសពីបំណងដំណើរការនីតិវិធី ដករូបលោកចេញពីតំណែងប្រធានាធិបតី ប្រសិនបើលោកមិនព្រមលាលែងដោយខ្លួនឯង។
* តើលោក យូន អាចនឹងរបូតតំណែងប្រធានាធិបតីឬ?
ខណៈការពារប្រធានាធិបតីពីការចោទប្រកាន់ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងក៏បានអនុញ្ញាតផងដែរសម្រាប់នីតិវិធីដកតំណែងតាមរយៈការប្រមូលឱ្យបាននូវសំឡេង ២ភាគ៣ ក្នុងចំណោមសមាជិកសភាជាតិ ៣០០រូប។ ដូច្នេះដើម្បីអាចទម្លាក់លោក យូន ពីតំណែង គណបក្សប្រឆាំងត្រូវប្រមូលឱ្យបានសំឡេងគាំទ្រ២ ភាគ៣ ឬពីសមាជិកសភា ២០០រូប។ សព្វថ្ងៃ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង ធំបំផុតនៅកូរ៉េខាងត្បូង និងគណបក្សប្រឆាំងជាដៃគូតូចៗផ្សេងទៀត មានសំឡេង ១៩២អាសនៈនៅក្នុងសភា ខណៈគណបក្សអំណាចប្រជាជនរបស់លោក យូន មាន១០៨អាសនៈ។ សមាជិកសភា មួយចំនួនមកពីគណបក្សរបស់លោក យូន បានប្រឆាំងនឹងការប្រកាសដាក់ច្បាប់អាជ្ញាសឹក ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាតើពួកគេនឹងចូលរួមជាមួយគណបក្សប្រឆាំងឬក៏យ៉ាងណានោះទេ ក្នុងនីតិវិធីដកតំណែងលោក យូន។
គួរបញ្ជាក់ថា ក្រុមគណបក្សប្រឆាំងនៅកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៤ ខែធ្នូ បានអះអាងថាពួកគេបានដាក់សំណើដើម្បីដំណើរការនីតិវិធីដកលោក យូន ចេញពីតំណែងជាប្រធានាធិបតី។ គណបក្សប្រឆាំងចំនួន ៦ ក្នុងនោះរួមមានទាំងបក្សប្រឆាំងធំជាងគេគឺ គណបក្សប្រជាធិបតេយ្យ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ពួកយើងបានរួមគ្នាដាក់ចេញហើយនូវសេចក្តីព្រាងសំដៅដំណើរការនីតិវិធីចោទប្រកាន់ ដកតំណែងលោកប្រធានាធិបតី»។ ការបោះឆ្នោតលើសំណើនេះ អាចនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ឬថ្ងៃសៅរ៍សប្តាហ៍នេះ។ ក្នុងករណីដែលនីតិវិធីចោទប្រកាន់ដកតំណែងលោក យូន ត្រូវបានអនុម័តក្នុងសភា នោះការសម្រេចចិត្តពីតំណែងជាប្រធានាធិបតីរបស់លោក យូន នឹងត្រូវប្រគល់ភារៈទៅឱ្យ តុលាការធម្មនុញ្ញ។ ច្បាប់របស់កូរ៉េខាងត្បូងបានចែងថាតុលាការធម្មនុញ្ញ មានពេល ១៨០ថ្ងៃ ដើម្បីចេញ ចក្ដីសម្រេចចុងក្រោយ នៅបន្ទាប់ពីទទួលបានសំណើដកតំណែងពីសភាជាតិ៕