(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងប្រទេសស៉ីរី ដើម្បីជួយចាប់យកឱកាសណាមួយ ដែលលេចចេញដោយខ្លួនឯង បន្ទាប់ពីក្រុមឧទ្ទាមផ្តួលរំលំ រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០២៤។

លោក បៃដិន ដែលចូលកាន់តំណែងកាលពីឆ្នាំ ២០២១ បញ្ជាក់ថា «អស់ជាច្រើនឆ្នាំមកនេះ អ្នកគាំទ្រសំខាន់ៗរបស់ លោក Assad មានអ៉ីរ៉ង់ ហេសបូឡា និងរុស្ស៉ី។ ប៉ុន្តែកាលពីសប្តាហ៍មុន ការគាំទ្ររបស់ពួកគេបានដួលរលំ។ កម្លាំងពួកគេទាំង ៣ ចុះខ្សោយជាងកាលពីពេល ដែលខ្ញុំចូលកាន់តំណែងទៅទៀត»។ លោក បៃដិន បន្ថែមថា «សហរដ្ឋអាមេរិក នឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅក្នុងប្រទេសស៉ីរី ដើម្បីជួយពួកគេចាប់យកឱកាសមួយ គ្រប់គ្រងហានិភ័យ»។

ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក ​មិនមាន​គម្រោង​ផ្តល់​ផែនការ​មេ​សម្រាប់​​ស៉ី​រី ​ទៅថ្ងៃមុខឡើយ ​ខណៈ​កំពុងតាម​មើល​យ៉ាង​ដិតដល់ នូវសេចក្តីថ្លែងការណ៍​ពី​ក្រុម​ឧទ្ទាម HTS។ មន្រ្តីដដែលរូបនេះនិយាយថា សហរដ្ឋអាមេរិក នឹងធ្វើការដើម្បីតែធានាសុវត្ថិភាពឃ្លាំងស្តុកអាវុធគីមី ហើយថាកងទ័ពអាមេរិកគ្មានតួនាទីនៅសមរភូមិទេ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយរបស់ខ្លួន។

គួរបញ្ជាក់ថា អនាគត​នៃ​មូលដ្ឋាន​ទ័ព​សំខាន់​ពីរ​របស់​រុស្ស៉ី និង​មូលដ្ឋាន​តូចៗ​មួយចំនួននៅ​ស៉ីរី​ ក៏ស្ថិតក្នុងភាពមិន​ច្បាស់​លាស់នៅឡើយដែរ។ កន្លងមក មូលដ្ឋាន​ទ័ព​ទាំង​នោះ​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​ការគាំទ្រ​ លោក Assad និងជាទីសម្រាប់រុស្ស៉ីឈរជើង​ក្នុង​តំបន់៕