(ដាម៉ាស)៖ សន្តិសុខស៉ីរី បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល កំណត់គោលដៅលើប្រព័ន្ធការពារដែនអាកាស ដែលដំឡើងនៅជិតកំពង់ផែ Latakia សមុទ្រមេឌីទែរ៉ាណេ នៃប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។

សន្តិសុខក្នុងតំបន់ពីរនាក់ បានប្រាប់ Reuters ថា ថ្មីៗនេះអ៉ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួន ៣លើក នៅក្នុងរដ្ឋធានីដាម៉ាស ប្រឆាំងអគារសន្តិសុខ និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់អតីតរដ្ឋាភិបាលស៉ីរី ដោយនិយាយថា ពីមុនទីនេះត្រូវបានអ៉ីរ៉ង់ប្រើប្រាស់ជាកន្លែងផលិតមីស៉ីល។ កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ (ម៉ោងក្នុងតំបន់) អ៉ីស្រាអែល ក៏បានវាយប្រហារលើគោលដៅចំនួន ៧ទៀត នៅភាគនិរតីប្រទេសស៉ីរី រួមមានមូលដ្ឋានទ័ពអាកាស Khalkhala ភាគខាងជើងទីក្រុង Sweida។ វាបានកើត​ឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ស៉ីរី ​ផ្ដួល​រំលំ​របប​ប្រធានាធិបតី Bashar al-Assad។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានវាយប្រហារប្រឆាំងគោលដៅនានា ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់នៅស៉ីរី អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែការវាយឆ្មក់បែបនេះកាន់តែកើនឡើង ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣៕