(ម៉ាពុយតូ)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែព្យុះស៉ីក្លូន Chido នៅក្នុងប្រទេសម៉ូសំប៊ីក បានកើនឡើងដល់ ៩៤នាក់ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្យុះស៊ីក្លូន Chido បានបោកបក់លើភាគខាងជើងប្រទេសម៉ូសំប៊ីក កាលពីមួយសប្តាហ៍មុន ខណៈប្រជុំកោះ Mayotte នៃមហាសមុទ្រឥណ្ឌា ក៏បានទទួលរងឥទ្ធិពលនៃព្យុះនេះដែរ។ មន្ត្រីនៅ Mayotte ដែលជាទឹកដីក្រៅប្រទេសដ៏ក្រីក្របំផុតមួយ របស់បារាំង បញ្ជាក់ថាមនុស្សចំនួន ៣៥នាក់បានស្លាប់ ប៉ុន្តែអ្នកខ្លះនិយាយថា អាចមានអ្នកស្លាប់ច្រើនជាងនេះ។

តាមអ្នកតំណាងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំម៉ូសំប៊ីក លោក Olamide Harrison កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ របស់ប្រទេសនេះ ទំនងជាត្រូវបានកែសម្រួលធ្លាក់ចុះពីចំនួន ៤.៣ភាគរយដែលជាការព្យាករពីមុន ដោយសារឥទ្ធិពលនៃព្យុះស៉ីក្លូន និងភាពចលាចលស៉ីវិលក្រោយការបោះឆ្នោត៕