(ប៉េកាំង)៖ “ម៉ាកាវគឺជាគុជនៃមាតុភូមិ ហើយខ្ញុំតែងតែគិតគូរអំពីការអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ ប្រជាពលរដ្ឋម៉ាកាវទាំងអស់។” នៅរសៀលថ្ងៃទី១៨ ខែធ្នូ សុន្ទរកថាដ៏ស្និទ្ធស្នាលរបស់លោក Xi Jinpingប្រធានរដ្ឋចិនពេលមកដល់តំបន់ម៉ាកាវ បានធ្វើឱ្យបងប្អូនជនរួមជាតិម៉ាកាវ មានភាពកក់ក្តៅនិងធ្វើឱ្យសង្គមម៉ាកាវកាន់តែរំភើប និងពោរពេញដោយជំនឿចិត្តលើ ការអភិវឌ្ឍន៍នាពេលអនាគត។

ថ្ងៃដដែល លោក Xi Jinping បានធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរ ខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ និងជាពិធីចូលកាន់តំណែងរបស់រដ្ឋាបាលអាណត្តិទី៦ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងចុះត្រួតពិនិត្យការងារ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។

នៅអាកាសយានដ្ឋានអន្តរជាតិម៉ាកាវ ក្រុមប៉ូលិសម៉ាកាវបានប្រគុំបទភ្លេងស្វាគមន៍យ៉ាងកក់ក្តៅ ហើយការសម្ដែងលោត ម៉ុងសាយប្រកបដោយបរិយាកាសសប្បាយរីករាយ។ យុវជនម៉ាកាវនិងតំណាងមកពីគ្រប់មជ្ឈដ្ឋាន រាប់រយនាក់បានគ្រវីទង់ជាតិ ទង់តំបន់នៃតំបន់រដ្ឋបាលពិសេសនិងផ្កា ដើម្បីសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ។

"ខ្ញុំពិតជារំភើបណាស់ដែលបានជួបលោក Xi Jinping ដោយផ្ទាល់ម្តងទៀត! កញ្ញាJiang Lipingជាសិស្សវិទ្យាល័យថ្នាក់ទី១០ នៃសាលា Jiaoye ម៉ាកាវក្នុងហ្វូងមនុស្ស ដែលមកទទួលស្វាគមន៍ បាននិយាយដោយក្តីរំភើបថា “កាលពី៥ឆ្នាំមុន ពេលខ្ញុំនៅជាសិស្សសាលាបឋមសិក្សា ខ្ញុំមានកិត្តិយសចូលរួមទទួល ការអញ្ជើញមកដល់របស់លោក Xi Jinping បើបៀបធៀបនឹងពេលនោះ ឥឡូវខ្ញុំបានយល់ដឹងកាន់តែស៊ីជម្រៅ អំពីពាក្យសម្ដីដ៏រួសរាយរាក់ទាក់របស់លោក Xi Jinping ខ្ញុំនិងមិត្តរួមថ្នាក់ពិតជារំជួលចិត្តខ្លាំងណាស់ ដែលលោកបានយកចិត្តទុកដាក់ចំពោះម៉ាកាវ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ម៉ាកាវពោរពេញដោយបរិយាកាសសប្បាយរីករាយ ហើយតំបន់ទាំងមូលបានអបអរសាទរខួប២៥ឆ្នាំ នៃការដែលម៉ាកាវវិលត្រឡប់ចូល មាតុភូមិវិញ។

លោក Xi Jinping បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ ដែលត្រូវបានទទួលស្គាល់ជាសកលនៃការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ប្រកបដោយលក្ខណៈពិសេសម៉ាកាវ ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ហើយសង្កត់ធ្ងន់ថា ម៉ាកាវគឺជាគុជរបស់មាតុភូមិ។ នេះបានធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវ មានកម្លាំងចិត្តនិងរំភើបចិត្ត ហើយពួកគេ បានយល់បន្ថែមទៀតថា “មាតុភូមិល្អ ម៉ាកាវក៏នឹងកាន់តែល្អប្រសើរ”។ លោក Liu Zhiyi ប្រធានសមាគមសេដ្ឋកិច្ចម៉ាកាវ បានលើកឡើងថា ការអភិវឌ្ឍន៍និងវឌ្ឍនភាពរបស់ប្រទេសចិន គឺជាខ្នងបង្អែកដ៏ធំបំផុតសម្រាប់ វិបុលភាពនិងស្ថិរភាពរបស់ម៉ាកាវ ការលើកទឹកចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់លោក Xi Jinping បានបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លា ទៅកាន់គ្រប់មជ្ឈដ្ឋាននៅម៉ាកាវ។

“៥ឆ្នាំកន្លងទៅនេះ រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ម៉ាកាវ កាន់តែមានភាពចម្រុះនិងស្ថិរភាព ហើយកាន់តែសកម្ម ក្នុងការរួមបញ្ចូលទៅក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ហើយសក្តានុពល នៃកំណើនត្រូវបានរំលេចចេញបន្ថែមទៀត"។ លោក Ye Guiping សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យទីក្រុងម៉ាកាវ បានមានប្រសាសន៍ថា ដំណើរចុះត្រួតពិនិ្យរបស់លោក Xi Jinping នឹងតម្រង់នូវទិសដៅបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ម៉ាកាវ។"

វិទ្យុមិត្តភាពកម្ពុជាចិន