(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី២៣ ខែធ្នូ បាននិយាយថាកងទ័ពកូរ៉េខាងជើងជាង ៣០០០នាក់ បានស្លាប់ និងរងរបួស នៅក្នុងតំបន់ Kursk របស់ រុស្ស៉ី ហើយបានព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងបញ្ជូនទ័ព និងអាវុធបន្ថែមទៀតទៅឱ្យកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។ លោក ហ្សេលេនស្គី បានសរសេរដូច្នេះថា «វាមានហានិភ័យដែលកូរ៉េខាងជើងនឹងបញ្ជូនទ័ព និងអាវុធបន្ថែមទៅឱ្យកងទ័ពរុស្ស៉ី»។ តាមលោក ហ្សេលេនស្គី លោកផ្ទាល់ទទួលបានព័ត៌មាននេះពីមេបញ្ជាការរបស់លោក គឺលោក Oleksandr Syrskyi។
គួរបញ្ជាក់ថា ការវាយតម្លៃពីការបាត់បង់ទាហានកូរ៉េខាងជើងរបស់អ៊ុយក្រែន គឺមានតួលេខខ្ពស់ជាងការវាយតម្លៃរបស់យោធាកូរ៉េខាងត្បូង ដែលបាននិយាយកាលពីថ្ងៃចន្ទថាទាហានកូរ៉េខាងជើង យ៉ាងហោច ១១០០នាក់ បានស្លាប់ ឬរងរបួស។ ការវាយតម្លៃរបស់យោធាកូរ៉េខាងត្បូង គឺស្របគ្នាទៅនឹងការវាយតម្លៃរបស់ចារកម្មកូរ៉េខាងត្បូងដែលបានឱ្យដឹងថាទាហានកូរ៉េខាងជើង ១០០០នាក់ បានរងរបួស និង ១០០នាក់បានស្លាប់ នៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន៕