(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយថាហ្វីលីពីនមានហេតុផលត្រឹមត្រូវដើម្បីដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក ហើយមានគម្រោងទិញប្រព័ន្ធមីស៊ីលនេះ បើទោះជាមានការជំទាស់ពីចិនដែលជាគូជម្លោះទឹកដីរបស់ម៉ានីល ក្នុងតំបន់សមុទ្រចិនខាងត្បូងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

លោក Gilberto Teodoro បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ ថា «រាល់ការដាក់ពង្រាយ និងទិញបរិក្ខារដែលពាក់ព័ន្ធនឹងសន្តិសុខ និងវិស័យការពារជាតិរបស់ ហ្វីលីពីន ជាអធិបតេយ្យរបស់ហ្វីលីពីន ហើយមិនស្ថិតក្រោមការវេតូរបស់បរទេសណាមួយនោះទេ»។ លោកបន្ថែមថាការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon សម្រាប់ការធ្វើសមយុទ្ធ គឺជារឿង ស្របច្បាប់ទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ប្រមុខកងទ័ពហ្វីលីពីន លោក Roy Galido បានឱ្យដឹងថាហ្វីលីពីនមានគម្រោងទិញប្រព័ន្ធមីស៊ីលអាមេរិក Typhon ដើម្បីការពារផលប្រយោជន៍ ដែនសមុទ្ររបស់ខ្លួន។ កាលពីខែកញ្ញា Reuters បានរាយការណ៍ថាសហរដ្ឋអាមេរិកគ្មានផែនការដកប្រព័ន្ធមីស៊ីល Typhon ពីហ្វីលីពីនភ្លាមៗទេ និងកំពុងធ្វើតេស្ដសមត្ថភាពរបស់ប្រព័ន្ធមីស៊ីល នេះ។ ចិនបានចោទថាការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon កំពុងបង្កហានិភ័យនៃការប្រឈមមុខដាក់គ្នា និងបានបង្ហាញការប្រឆាំងជំទាស់ ហើយអំពាវនាវឱ្យហ្វីលីពីន ដកប្រព័ន្ធមីស៊ីល Typhon ជាបន្ទាន់៕