(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Gideon Sa'ar រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល គូសបញ្ជាក់ថា «ក្រុមហ៊ូទីបង្កការគំរាមកំហែង មិនត្រឹមតែដល់អ៉ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដល់តំបន់ និងពិភពលោកទាំងមូល។ រឿងដំបូងនិងជាមូលដ្ឋានដែលត្រូវធ្វើ គឺកំណត់ពួកគេជាអង្គការភេរវករ»។ តាមលោក Sa'ar បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក អារ៉ាប់ប៊ីសាអូឌីត ម៉ាឡេស៉ី កាណាដា អេមីរ៉ាត់អារ៉ាប់រួម អូស្រ្តាលី នូវែលសេឡង់ និងអ៉ីស្រាអែល បានចាត់​ថ្នាក់ក្រុម​ហ៊ូទី ជាភេរវករ។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានបាញ់ដ្រូន និងមីស៉ីលម្តងហើយម្តងទៀត ឆ្ពោះទៅរកអ៉ីស្រាអែល ហើយពិពណ៌នាថាជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងសង្រ្គាមនៅតំបន់ហ្កាហ្សា។ ការវាយប្រហាររបៀបនេះ បានរំខានដល់ផ្លូវដឹកជញ្ជូនអន្តរជាតិ ដោយបង្ខំឱ្យក្រុមហ៊ុនបើកបរតាមផ្លូវៀង ដែលចំណាយថ្លៃជាងមុន និងនាំឱ្យមានការភ័យខ្លាចចំពោះអតិផរណាពិភពលោក៕