(ដាម៉ាស)៖ មេដឹកនាំថ្មីនៅប្រទេសស៉ីរី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កិច្ចព្រមព្រៀងខាងលើ សម្រេចបានអំឡុងជំនួបរវាងក្រុមឧទ្ទាមស៉ីរី និងមេដឹកនាំស៉ីរីថ្មី លោក Ahmed al-Sharaa ប៉ុន្តែនៅក្នុង​ជំនួបនោះ គឺអវត្តមានអ្នកតំណាងមកពីក្រុម Syrian Democratic Forces (SDF) ដឹកនាំដោយពួកឃើដ និងគាំទ្រដោយសហរដ្ឋអាមេរិក ដែលគ្រប់គ្រងទឹកដីមួយភាគធំ នៅភាគឦសានប្រទេសស៉ីរី។

សេចក្តីប្រកាសអំពី ការព្រមព្រៀងគ្នារំសាយចោលក្រុមឧទ្ទាម កើតមានឡើង ២សប្តាហ៍បន្ទាប់ពី ប្រធានាធិបតីស៉ីរី លោក Bashar al-Assad បានរត់ភៀសខ្លួនចេញពីប្រទេស ក្រោយកងកម្លាំងក្រុមឧទ្ទាមដឹកនាំ ដោយក្រុម Hayat Tahrir al-Sham (HTS) របស់លោក Sharaa បានចូលគ្រង់គ្រងរដ្ឋធានីដាម៉ាស។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក Sharaa បាននិយាយថា អាជ្ញាធរស៉ីរីថ្មី នឹងមិនអនុញ្ញាតជាដាច់ខាត ឱ្យមានក្រុមប្រដាប់អាវុធ នៅក្រៅការគ្រប់គ្រងរបស់រដ្ឋ ហើយលោកបានសង្កត់ធ្ងន់ថា ចំណុចនេះក៏អនុវត្តទៅលើក្រុម SDF ផងដែរ។ កាលពីសប្តាហ៍មុន ប្រមុខយោធារបស់ក្រុម HTS បាននិយាយថា តំបន់នានាដែលគ្រប់គ្រង ដោយក្រុមឃើដ នឹងត្រូវធ្វើសមាហរណកម្ម នៅក្រោមរដ្ឋាភិបាលថ្មី ហើយប្រទេសស៉ីរី នឹងមិនបែកខ្ញែកគ្នាឡើយ។

គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលរយៈពេល១៣ឆ្នាំ នៅស៉ីរី បានបន្សល់ទុកឱ្យមនុស្សជាងកន្លះលាននាក់ បាត់បង់ជីវិត ហើយបែងចែក​ប្រទេសនេះ ទៅជាដែនឥទ្ធិពលគ្រប់គ្រងដោយ ក្រុមប្រដាប់អាវុធផ្សេងៗគ្នា ដែលគាំទ្រដោយមហអំណាចក្នុងតំបន់ផ្ទាល់ និងមហាអំណាចអន្តរជាតិ៕