(ញូវដេលី)៖ កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលនូវការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង នៃរោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ១២.៦៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។
គណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស កាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមការស៉ើបអង្កេតលើករណីចោទប្រកាន់ ពីបទពុករលួយ ការក្លែងបន្លំ និងលាងលុយកខ្វក់ នៅក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Rooppur របស់ក្រុមហ៊ុនរដ្ឋរុស្ស៉ី Rosatom។ កិច្ចព្រមព្រៀងមួយ សម្រាប់រោងចក្រថាមពលចំនួន២ ដែលនីមួយៗមានកម្លាំង១២០០មេហ្គាវ៉ាត់ ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ គណៈកម្មការចោទប្រកាន់ថា មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ តម្លៃប្រហែល ៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងលោកស្រី Hasina កូនប្រុសរបស់លោកស្រី គឺលោក Sajeeb Wazed និងក្មួយស្រីម្នាក់ទៀត គឺលោកស្រី លោកស្រី Tulip Siddiq ដែលជាមន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ នៅចក្រភពអង់គ្លេស តាមរយៈគណនីនៅឯនាយសមុទ្រ។
លោក Wazed បាននិយាយតាងនាមឱ្យក្រុមគ្រួសាររបស់លោកថា «ការចោទប្រកាន់នេះគឺក្លែងក្លាយទាំងស្រុង និងជាយុទ្ធនាការលាបពណ៌។ គ្រួសារខ្ញុំក៏មិនដែលបានជាប់ពាក់ព័ន្ធ ឬយកប្រាក់ពីគម្រោងរដ្ឋាភិបាលណាមួយទេ។ វាមិនអាចទៅរួចទេ ក្នុងការដកប្រាក់រាប់ពាន់លានពីគម្រោងតម្លៃ ១០ពាន់លានដុល្លារ»។ លោក Wazed បន្ថែមថា «យើងក៏មិនមានគណនី នៅឯនាយសមុទ្រដែរ។ ខ្ញុំរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ៣០ឆ្នាំមកហើយ មីង និងបងប្អូនជីដូនមួយខ្ញុំ រស់នៅចក្រភពអង់គ្លេស រយៈពេលប្រហាក់ប្រហែលគ្នា។ យើងប្រាកដជាមានគណនីនៅទីនេះ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមយើង ធ្លាប់ឃើញលុយនេះឡើយ»។
ដោយឡែក លោកស្រី Siddiq មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា លោកស្រី Siddiq បដិសេធនូវការជាប់ពាក់ព័ន្ធ ជុំវិញការអះអាងខាងលើនេះ ហើយលោកស្រី Siddiq នៅតែបន្តតួនាទីធម្មតា៕