(អាស្តាណា)៖ អាជ្ញាធរកាហ្សាក់ស្ថាន បានប្រកាសឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ១គ្រឿងធុន Embracer ដែលហោះមកពីប្រទេសអាស៊ែបៃហ្សង់ ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី បានធ្លាក់នៅក្បែរទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្ថាន នាថ្ងៃពុធនេះ ដោយផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ ចំនួន៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤។
យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines។ អាជ្ញាធរកាហ្សាក់ស្ថាន បានប្រាប់ថា នាពេលនេះ អគ្គិភ័យដែលបង្កឡើងដោយ ការធ្លាក់យន្តហោះនោះ ត្រូវបានពន្លត់ទៅវិញហើយ ខណៈមានអ្នកនៅរស់ចន្លោះ១២-១៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ របស់អាកាសចរណ៍អាស៊ែបៃហ្សង់ យន្តហោះ Embracer 190 ជើងហោះហើរលេខ J2-8243 មានគោលដៅធ្វើដំណើរចេញពីរដ្ឋធានី Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ដែលជារដ្ឋធានីនៃតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់កាហ្សាក់ស្ថាន៕