(ហ៊្សេរុយសាឡិម)៖ ក្រុមហាម៉ាស និងអ៉ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់ ទោះបីជាមានសេចក្តីរាយការណ៍ពីភាពរីកចម្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

ក្រុមហាម៉ាសនិយាយថា អ៉ីស្រាអែលបានដាក់លក្ខខណ្ឌបន្ថែមទៀត ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចោទក្រុមហាម៉ាសថា បែរជាចង់បានលក្ខខណ្ឌដែលព្រមព្រៀងគ្នាពីមុនទៅវិញ។ បើតាមក្រុមហាម៉ាស «ការចូលកាន់កាប់ថ្មីទៀតនៅតំបន់ហ្កាហ្សា ពីសំណាក់កងកម្លាំងអ៉ីស្រាអែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកកងទ័ព បទឈប់បាញ់ ការដោះលែងអ្នកទោស ការវិលត្រឡប់មកវិញនៃជនភៀសខ្លួន និងនាំឱ្យមានការពន្យារពេលសម្រេចកិច្ចព្រមព្រៀង»។ រីឯ លោក Netanyahu និយាយថា «ហាម៉ាសនៅតែបន្តនិយាយកុហក ច្រានចោលនូវលក្ខខណ្ឌដែលព្រមព្រៀងគ្នារួចហើយ និងកំពុងបន្តបង្កើតការលំបាកក្នុងកិច្ចចរចា»

គួរបញ្ជាក់ថា ក្រុមអ្នកសម្រុះសម្រួលអាមេរិក អារ៉ាប់ កាតា និងអេហ្ស៉ីប បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាដំណាក់កាលមួយ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ បញ្ហា​ប្រឈម​មួយ​ នោះគឺ​កិច្ចព្រមព្រៀង​ស្តីពី​វត្តមានកង​ទ័ព​អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា៕