(ប៉េកាំង)៖ ប្រទេសចិន បានអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលជាកិច្ចចាប់ផ្តើមនៃគម្រោងដ៏មហិមា នៅឯចុងភាគខាងកើតនៃតំបន់ទីបេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។
តាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនចិន Power Construction Corp ក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំង នៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ វាមានចំនួនច្រើនជាង ៣ដងនៃសមត្ថភាពផលិត ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោង របស់ទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។
គម្រោងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញនូវគោលដៅកាបូន និងអព្យាក្រឹតកាបូនរបស់ចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធ ដូចជាវិស្វកម្ម និងបង្កើតការងារនៅតំបន់ទីបេ។ ផ្នែកមួយនៃទឹកទន្លេ Yarlung Zangbo ធ្លាក់ចុះទៅក្រោមជម្រៅ ២ ០០០ម៉ែត្រ ក្នុងចន្លោះចម្ងាយយ៉ាងខ្លីមួយ គឺត្រឹម៥០គីឡូម៉ែត្រ ដែលផ្តល់នូវសក្តានុពលដ៏ធំសម្រាប់វារីអគ្គិសនី។ អាជ្ញាធរមិនបានបញ្ជាក់ទេ ថាមានមនុស្សប៉ុន្មាននាក់ ស្ថិតក្នុងគម្រោងផ្លាស់ទីលំនៅ និងរបៀបដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី ក្នុងស្រុក។ ប៉ុន្តែបើតាមមន្ត្រីចិន គម្រោងទំនប់វារីអគ្គិសនីនៅទីបេ នឹងមិនមានឥទ្ធិពលខ្លាំងលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹក នៅខាងក្រោមទន្លេ នោះឡើយ។
គួរបញ្ជាក់ថា ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងផ្នែកវិស្វកម្ម ត្រូវបានគេរំពឹងថានឹងមានចំនួនច្រើនជាងទំនប់ Three Gorges ដែលមានតម្លៃ ២៥៤.២ពាន់លានយន់ ឬស្មើនឹង ៣៤.៨៣ពាន់លានដុល្លារ៕