(ព្រុចសែល)៖ អង្គការណាតូ (NATO) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការស៉ើបអង្កេតយ៉ាងពេញលេញ ទៅលើករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលបានសម្លាប់ចំនួន ៣៨នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤។

លោកស្រី Farah Dakhlallah ដែលជាអ្នកនាំពាក្យរបស់អង្គការណាតូ បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «គំនិត និងការអធិដ្ឋានរបស់យើង គឺនៅជាមួយក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះនៃជើងហោះហើរ J28243 របស់ Azerbaijan Airlines។ យើងសូមជូនពរដល់អ្នករងរបួសក្នុងឧបទ្ទវហេតុនេះ ឆាប់ជាសះស្បើយឡើយវិញ ហើយអំពាវនាវឱ្យមានការស៉ើបអង្កេតពេញលេញ»

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន Embraer បានធ្លាក់នៅជិតទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធកន្លងទៅ បន្ទាប់ពីបានបង្វែរទិសដៅចេញពីតំបន់មួយនៃប្រទេសរុស្ស៉ី។ មកទល់នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានព្រឹទ្ធសភាកាហ្សាក់ស្ថាននិយាយថា មូលហេតុនៃការធ្លាក់យន្តហោះ នៅមិនទាន់ដឹងនោះទេ។ ប្រភពចំនួន ៤ របស់ប្រទេសអាស៊ែបៃហ្សង់ ដែលដឹងពីការស៊ើបអង្កេត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យន្តហោះដឹកអ្នកដំណើរនោះ អាចត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី៕