(សេអ៊ូល)៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នាថ្ងៃសុក្រនេះ បានឱ្យដឹងថា ខ្លួនទទួលបានការបញ្ជាក់ថា ទាហានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក ដោយកងកម្លាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានប្រហែលជាង ១ម៉ឺននាក់ ដើម្បីទៅជួយគាំទ្រកងទ័ពរុស្ស៉ី ក្នុងនោះរួមមានទាំងនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី ជាទីដែលកងកម្លាំងអ៊ុយក្រែន ដណ្តើមកាន់កាប់បានទឹកដីមួយផ្នែក នៅក្នុងប្រតិបត្តិការវាយលុក កាលពីខែសីហាឆ្នាំនេះ។
ចារកម្មកូរ៉េខាងត្បូង បានប្រាប់ថា តាមរយៈយន្តការចែករំលែកព័ត៌មានភ្លាមៗ ជាមួយទីភ្នាក់ងារចារកម្មរបស់ប្រទេសជាសម្ព័ន្ធមិត្ត ខ្លួនទទួលបានការបញ្ជាក់ថា ទាហានកូរ៉េខាងជើងរងរបួសម្នាក់ ត្រូវបានចាប់ខ្លួនក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ប៉ុន្តែមិនទាន់ច្បាស់ថា ការចាប់ខ្លួននោះ ត្រូវបានធ្វើឡើង នៅកន្លែងណាឱ្យប្រាកដឡើយ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ បើតាមការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទាហានកូរ៉េខាងជើង ជិត៣០០០នាក់ ត្រូវបានសម្លាប់ឬរងរបួស គិតមកទល់ឥឡូវ ខណៈបើតាមយោធាកូរ៉េខាងត្បូងវិញ គឺទាហានកូរ៉េខាងជើង ប្រហែលជាង១០០០នាក់ ត្រូវបានសម្លាប់ឬរងរបួស៕