(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ក្រុមសមាជិកសភានៅប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ដែលជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បានឡើងកាន់តួនាទីជា ប្រធានាធិបតីស្តីទី ក្រោយប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានសភាបោះឆ្នោតចោទប្រកាន់ដកតំណែង កាលពីថ្ងៃទី១៤ ខែធ្នូ ក្រោយលោកប៉ុនប៉ងដាក់ប្រទេស ក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។

មុនការបោះឆ្នោតប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ ប្រធានសភាកូរ៉េខាងត្បូង លោក Woo Son-shik បាននិយាយថា ដើម្បីដកតំណែង លោក Han គឺត្រូវការសំឡេងគាំទ្រត្រឹម១៥១សំឡេង ដែលជាសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ ផ្ទុយពីចំនួន២០០សំឡេង ដែលជាសំឡេងចាំបាច់ ២ភាគ៣ កាលពីពេលដកតំណែងលោក Yoon។

សភាកូរ៉េខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងអាសនៈភាគច្រើន ដោយគណបក្សប្រឆាំង។ បក្សប្រឆាំង Democratic Party បានសម្រេចបោះឆ្នោតដកតំណែង លោក Han បន្ទាប់ពីរូបលោក មិនព្រមតែងតាំងចៅក្រម៣នាក់ ដើម្បីបំពេញកៅអីទំនេរ នៅ​ឯតុលាការធម្មនុញ្ញ ដែលប្រការនេះ រារាំងដំណើរការនៃនីតិវិធីដកតំណែងប្រធានាធិបតីរបស់លោក Yoon។ ការដកតំណែង លោក Yoon ទោះបីត្រូវបានសភាអនុម័តក៏ដោយ ចាំបាច់ត្រូវមានការសម្រេចចុងក្រោយពីតុលាការធម្មនុញ្ញ។

គួរបញ្ជាក់ថា ដោយនាពេលនេះ លោក Han ក៏ត្រូវបានដកតំណែងដែរនោះ តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi Sang-mok ត្រូវក្លាយជាប្រធានាធិបតីស្តីទីជំនួស៕