(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃសុក្រនេះបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាចំនួនប្រាំពីររបស់សហរដ្ឋអាមេរិក និងនាយកប្រតិបត្តិជាន់ខ្ពស់របស់ពួកគេ ដោយចោទប្រកាន់ពួកគេពីបទចូលរួមក្នុងការលក់អាវុធឱ្យតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តលើការលក់អាវុធ និងជំនួយផ្នែកយោធា ដែលមានតម្លៃរាប់រយលានដុល្លារទៅឱ្យតៃវ៉ាន់។
ក្រុមហ៊ុនដែលរងទណ្ឌកម្ម រួមមាន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Boeing, Raytheon និង Hudson Technologies។ ក្រសួងការបរទេសចិន បានថ្កោលទោសសកម្មភាពរបស់អាមេរិកដោយចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបានរំលោភលើគោលការណ៍ចិនតែមួយ។
«ទង្វើរបស់សហរដ្ឋអាមេរិក ធ្វើឱ្យខូចដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ... ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹង «ចាត់វិធានការចាំបាច់ទាំងអស់» ដើម្បីការពារសន្តិសុខ និងផលប្រយោជន៍របស់ខ្លួន។
គួរបញ្ជាក់ថា ទណ្ឌកម្មរបស់ចិននេះ រួមមានការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន និងនាយកប្រតិបត្តិដែលរងទណ្ឌកម្ម។ ការដាក់ទណ្ឌកម្មនេះ បង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើង រវាងចិន និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់។ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់តៃវ៉ាន់ ដើម្បីការពារខ្លួន ទោះបីជាចិនប្រឆាំងក៏ដោយ៕