(Reuters)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូថាប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើបមួយរបស់សហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បី បាញ់ស្ទាក់មីស៊ីលមួយគ្រាប់ ហើយដែលនេះជាការប្រើប្រាស់លើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះទៅកាន់អ៉ីស្រាអែល កាលពីខែតុលាមក។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន Reuters បានឱ្យដឹងថាប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ត្រូវបានប្រើប្រាស់ដើម្បីបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយការវិភាគមួយនឹងកំណត់ពីជោគជ័យនៃការបាញ់ស្ទាក់។ ប៉ុន្តែភ្លាមៗ ខាងមន្ទីរបញ្ចកោណមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ លោក ចូ បៃដិន បានបញ្ជូន ប្រព័ន្ធមីស៊ីល THAAD ផលិតដោយក្រុមហ៊ុន Lockheed Martin ទៅកាន់អ៉ីស្រាអែលកាលពីខែតុលា រួមជាមួយទាហានអាមេរិក ១០០នាក់ ដើម្បីធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសដ៏ទំនើប មួយនេះ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើគោលដៅជាច្រើនរបស់ក្រុមហ៊ូទី មានមូលដ្ឋាននៅយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះរួមមានទាំងអាកាសយានដ្ឋានអន្តរជាតិសាណា ខណៈប្រព័ន្ធផ្សព្វផ្សាយហ៊ូទី មនុស្សយ៉ាងហោច៦នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល៕