(បែរឡាំង)៖ លោកប្រធានាធិបតី Frank-Walter Steinmeier កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ បានប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោត មុនអាណត្តិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំក្រោយ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលចម្រុះរបស់លោកអធិការបតី Olaf Scholz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងចេញពីទីក្រុងបែរឡាំង លោក Steinmeier បានកត់សម្គាល់ដូច្នេះថា «នៅក្នុងស្ថានភាពលំបាកដូចសព្វថ្ងៃ ស្ថិរភាពតម្រូវឱ្យមានរដ្ឋាភិបាលមួយដែលមានសមត្ថភាពធ្វើសកម្មភាពពេញលេញ និងទទួលបានការគាំទ្រភាគច្រើននៅក្នុងសភា ហើយនេះជាមូលហេតុដែលការបោះឆ្នោតមុនអាណត្តិគឺជាផ្លូវឆ្ពោះទៅមុខដ៏ត្រឹមត្រូវសម្រាប់អាល្លឺម៉ង់»។ លោក Steinmeier ក៏បានអំពាវនាវផងដែរ ឱ្យមានការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ខណៈព្រមានពីគ្រោះថ្នាក់នៃការលូកលាន់ពីកម្លាំងខាងក្រៅ។
គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលនឹងត្រូវដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង បានទទួលបរាជ័យនៅក្នុងការបោះឆ្នោតស្ដីពី សេចក្ដីទុកចិត្តនៅឯសភា កាលពីដើមខែធ្នូកន្លងទៅនេះ។ រដ្ឋាភិបាលចម្រុះរបស់លោកបានដួលរលំបន្ទាប់ពីការចាកចេញរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Christian Lindner មកពីគណបក្ស Free Democrats ដែលស្ថិតនៅក្នុងក្រុមចម្រុះរបស់លោក Scholz ជាហេតុធ្វើឱ្យរដ្ឋាភិបាលដឹកនាំដោយលោក Scholz បាត់បង់សំឡេងភាគច្រើននៅសភា៕