(មូស្គូ)៖ សេវាសន្តិសុខសហព័ន្ធរបស់រុស្ស៉ី ឬហៅកាត់ថា FSB បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ថាខ្លួនបានទប់ស្កាត់ផែនការមួយរបស់អ៊ុយក្រែនដែលចង់សម្លាប់មន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់ និងអ្នកសរសេរប្លុកសង្គ្រាមគាំទ្ររុស្ស៉ីម្នាក់ទៀត ជាមួយការបង្កប់គ្រាប់បែកនៅក្នុង speaker ចាក់ចម្រៀង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម FSB ពលរដ្ឋរុស្ស៉ីម្នាក់បានបង្កើតទំនាក់ទំនងជាមួយមន្ត្រីម្នាក់មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន GUR តាមរយៈ Telegram។ FSB បានបន្តថាដោយមានការណែនាំពីចារកម្មអ៊ុយក្រែន ពលរដ្ឋរុស្ស៉ីរូបនោះបានយកគ្រាប់បែកមួយគ្រាប់ចេញពីទីកន្លែងមួយក្នុងទីក្រុងមូស្គូ ហើយគ្រាប់បែកនេះដែលទម្ងន់ប្រហែល ១១គីឡូក្រាមកន្លះនៃម្សៅ TNT ត្រូវបានបង្កប់នៅក្នុង speaker ចាក់ចម្រៀងមួយ។ ប៉ុន្តែ FSB មិនបានបញ្ជាក់ឈ្មោះមន្ត្រីជាន់ខ្ពស់រុស្ស៉ី និងអ្នកសរសេរប្លុកយោធាគាំទ្ររុស្ស៉ីដែលស្ថិតនៅក្រោមផែនការធ្វើឃាតនេះនោះទេ ខណៈចារកម្មអ៊ុយក្រែន ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។

FSB កាលពីថ្ងៃទី២៦ ខែធ្នូ ក៏បានអះអាងដែរថា ខ្លួនទប់ស្កាត់បាននូវផែនការ​មួយចំនួន របស់ទីភ្នាក់ងារចារកម្មអ៊ុយក្រែន ដែលមានគោលដៅធ្វើឃាតក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៉ី និងសមាជិកគ្រួសារ របស់ពួកគេ នៅក្នុងទីក្រុងមូស្គូ តាមរយៈការប្រើប្រាស់គ្រាប់បែក បន្លំធ្វើជាឧបករណ៍ធម្មតា។ តាម FSB ផែនការប៉ុនប៉ងធ្វើឃាតមួយចំនួន ដែលមានគោលដៅលើមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិរុស្ស៉ី ត្រូវទប់ស្កាត់បាន ខណៈពលរដ្ឋរុស្ស៉ីចំនួន៤នាក់ ដែលមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពត្រៀមរៀបចំ សម្រាប់ការវាយប្រហារទាំងនោះ ត្រូវបានឃាត់ខ្លួន។ FSB បានអះអាងថា ពលរដ្ឋរុស្ស៉ីទាំងនោះ ត្រូវបានអូសទាញដោយទីភ្នាក់ងារចារកម្មអ៊ុយក្រែន។

គួរបញ្ជាក់ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានសម្លាប់ឧត្តមសេនីយ៍រុស្ស៉ីម្នាក់ ឈ្មោះ Igor Kirillov ដែលមានតួនាទីជា ប្រធានកងកម្លាំង​ការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងសារធាតុគីមី របស់យោធារុស្ស៉ី កាលពីថ្ងៃទី១៧ ខែធ្នូ ក្នុងទីក្រុងមូស្គូ នៅខាងក្រៅអគារអាផាតមិន ដែលលោកស្នាក់នៅ តាមរយៈការបំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងយានអគ្គិសនី scooter ១គ្រឿង។ រុស្ស៉ីបានហៅថា ការធ្វើឃាតនោះថា ជាការវាយប្រហារភេរវកម្ម និងប្តេជ្ញាសងសឹកលើអ៊ុយក្រែនវិញ៕