(កាប៊ុល)៖​ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន​ គ្រប់គ្រងដោយក្រុមតាលីបង់​ បានប្រកាសនៅថ្ងៃសៅរ៍​ ទី២៨​ ខែធ្នូនេះថា កងកម្លាំងតាលីបង់បានកំណត់គោលដៅជាច្រើននៅក្នុងប្រទេសជិតខាងប៉ាគីស្ថាន ប៉ុន្មានថ្ងៃក្រោយយន្តហោះប៉ាគីស្ថានទម្លាក់គ្រាប់បែកពីអាកាស​មកលេីអាហ្វហ្គានីស្ថាន។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ​ មិនបានបញ្ជាក់ចំៗថាធ្វេីទៅលេីប៉ាគីស្ថានទេ ប៉ុន្តែនិយាយថា ការវាយប្រហារធ្វើឡើងហួសពីតំបន់សម្មតិកម្ម ដែលជាធម្មតាអាជ្ញាធរអាហ្វហ្គានីស្ថានចង់សំដៅទៅលើព្រំដែនជាមួយប៉ាគីស្ថាន ដែលមានជម្លោះនឹងគ្នាយូរមកហើយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ​ មានខ្លឹមសារដូច្នេះថា​ ចំណុចជាច្រើនហួសពីតំបន់សម្មតិកម្ម ដែលបម្រើជាមជ្ឈមណ្ឌល ឬកន្លែងលាក់ខ្លួនរបស់ក្រុមព្យាបាទ​ ក៏ដូចជាអ្នកគាំទ្រពួកគេដែលរៀបចំ និងសម្របសម្រួលការវាយប្រហារមកលេីអាហ្វហ្គានីស្ថាន ត្រូវបានកំណត់គោលដៅសងសឹក​ចេញពីភាគអាគ្នេយ៍ប្រទេស។

មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ជនរងគ្រោះ ឬ​តំបន់​ជាក់លាក់​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យនោះទេ។ សាខាទំនាក់ទំនងសាធារណៈរបស់យោធាប៉ាគីស្ថាន និងអ្នកនាំពាក្យក្រសួងការបរទេស​ មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ​នៅឡេីយទេ។

គួរបញ្ជាក់ថា​ អស់ជាច្រើនទសវត្សរ៍មកហេីយ​អាហ្វហ្គានីស្ថាន​ បានច្រានចោលព្រំដែនដែលគេស្គាល់ថា Durand line គូរដោយអាជ្ញាធរសម័យអាណានិគមអង់គ្លេសក្នុងសតវត្សទី ១៩​ តាមបណ្តោយខ្សែក្រវ៉ាត់កុលសម្ព័ន្ធភ្នំ និងគ្មានក្នុងច្បាប់របស់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕