(គែរ)៖ ក្នុងបទសម្ភាសន៍ជាសាធារណៈលើកដំបូង ក្រោយការដួលរលំនៃរបបលោក Bashar al-Assad លោក Ahmed al-Sharaa មេដឹកនាំថ្មីរបស់ស៊ីរី បានព្យាករណ៍ថា ការរៀបចំការបោះឆ្នោតនៅក្នុងប្រទេស អាចនឹងត្រូវចំណាយពេលរហូតដល់ ០៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកបានបញ្ជាក់បន្ថែមថា ការព្រាងរដ្ឋធម្មនុញ្ញថ្មីតែមួយមុខ អាចនឹងត្រូវការពេលដល់ទៅ ៣ ឆ្នាំ ហើយប្រជាជនស៊ីរីនឹងត្រូវរង់ចាំយ៉ាងហោចណាស់មួយឆ្នាំទៀត ដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនយោបាយ។
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ Al Arabiya របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ លោក Al-Sharaa មេដឹកនាំក្រុម Hayat Tahrir al-Sham (HTS) ដែលបានផ្តួលរំលំលោក Assad កាលពីថ្ងៃទី ៨ ខែធ្នូ បានគូសបញ្ជាក់ពីផែនការអនាគតរបស់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ក្រុមខ្លួន និងបានប្រកាសថា HTS នឹងត្រូវរំលាយ នៅក្នុងសន្និសីទការសន្ទនាថ្នាក់ជាតិមួយ ដែលជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរទៅរកប្រជាធិបតេយ្យ។
ទន្ទឹមគ្នានេះ លោក Al-Sharaa បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី។ «ប្រទេសស៊ីរីមានផលប្រយោជន៍ជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី» លោកបានបញ្ជាក់។ ក្រៅពីបង្ហាញពីជំហរយ៉ាងច្បាស់លាស់ចំពោះទំនាក់ទំនងជាមួយរុស្ស៊ី លោក Al-Sharaa ក៏បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងលុបចោលទណ្ឌកម្មដែលបានដាក់លើប្រទេសស៊ីរីផងដែរ៕