(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសជំនួយហិរញ្ញវត្ថុ និងយោធាសរុបជិត ៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងប្រើប្រាស់ ពេលវេលាប៉ុន្មានសប្តាហ៍ចុងក្រោយ ទាន់រូបលោកនៅកាន់អំណាច ដើម្បីបង្កើនការផ្តល់ជំនួយតាមតែអាចទៅរួច ឱ្យទីក្រុងកៀវ មុនប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក បៃដិន បានប្រកាសផ្តល់ជំនួយសព្វាវុធថ្មីទៀតចំនួន២.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Janet Yellen បានប្រកាសថា សហរដ្ឋអាមេរិក បានត្រៀមកំណត់ថវិកាបន្ថែមចំនួន៣.៤ពាន់លានដុល្លារ ដើម្បីផ្តល់ជាជំនួយហិរញ្ញវត្ថុ សម្រាប់ទីក្រុងកៀវ។ ក្នុងជំនួយសព្វាវុធ២.៥ពាន់លានដុល្លារខាងលើ គឺ១.២៥ពាន់លានដុល្លារ នឹងត្រូវផ្តល់ឱ្យអ៊ុយក្រែន ក្រោមយន្តការ Presidential Drawdown Authority (PDA) ខណៈ១.២២ពាន់លានដុល្លារ តាមរយៈយន្តការ Ukraine Security Assistance Initiative (USAI)។
ជំនួយយោធា ក្រោមយន្តការ PDA គឺត្រូវយកចេញពីស្តុកមានស្រាប់ របស់យោធាអាមេរិកផ្ទាល់ ខណៈជំនួយក្រោមយន្តការ USAI បរិក្ខារយោធា ត្រូវទិញយកមកពីឧស្សាហកម្មការពារជាតិ ឬប្រទេសដៃគូ ជាជាងយកចេញពីស្តុកយោធាអាមេរិក ដែលប្រការនេះ មានន័យថា វាអាចចំណាយពេលរាប់ខែ ឬដល់រាប់ឆ្នាំ ទម្រាំសម្ភារទាំងនោះ អាចទៅដល់សមរភូមិ។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជំនួយហិរញ្ញវត្ថុរបស់អាមេរិក សម្រាប់អ៊ុយក្រែន បានកើនដល់ជាង ៣០ពាន់លានដុល្លារ ខណៈជំនួយយោធាកើនដល់ប្រហែល ៦១.៤ពាន់លានដុល្លារ៕