(វ៉ាស៊ីនតោន)៖ មានព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនបានកើតឡើងនៅក្នុងឆ្នាំ២០២៤ ក្នុងនោះមានរាប់ពីសង្រ្គាម ការបោះឆ្នោត ការធ្វើឃាត រហូតដល់ការដួលរលំរដ្ឋាភិបាល និងគ្រោះមហន្តរាយយន្ដហោះ។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ធំៗ៖
១. ខែមករា
* នៅថ្ងៃទី១ ខែមករា៖ គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារលើតំបន់មួយស្ថិតតាមបណ្ដោយឆ្នេរភាគខាងលិចប្រទេសជប៉ុន ដោយបង្កឱ្យមានរលកស៊ូណាមិ និងសម្លាប់ មនុស្សយ៉ាងហោច ៤៧៥នាក់។
* ថ្ងៃទី២ ខែមករា៖ មេដឹកនាំកំពូលម្នាក់របស់ហាម៉ាស លោក Saleh al-Arouri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើទីក្រុងបេរូត ប្រទេសលីបង់។
* ក្នុងថ្ងៃទី២ ខែមករាដដែល៖ អ្នកដំណើរ និងក្រុមការងារនៅលើយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ទាំង៣៧៩នាក់ បានរួចផុតពីគ្រោះថ្នាក់យ៉ាងប្រផុតប្រផើយ ពីហេតុការណ៍ឆេះយន្ដហោះ បន្ទាប់ពីបុកគ្នាជាមួយយន្ដហោះឆ្មាំសមុទ្រជប៉ុន។ មនុស្ស៥នាក់ ក្នុងចំណោម ៦នាក់នៅលើយន្ដហោះឆ្មាំសមុទ្រជប៉ុនបានស្លាប់។
២. ខែកុម្ភៈ
* ថ្ងៃទី១៦ ខែកុម្ភៈ៖ មេដឹកនាំគណបក្សប្រឆាំងនៅរុស្ស៉ី លោក Alexei Navalny បានស្លាប់ក្នុងពន្ធនាគារមួយនៅតំបន់ស៊ីបេរី។
៣. ខែមីនា
* នៅថ្ងៃទី៧ ខែមីនា៖ ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី៣២ជាផ្លូវការរបស់អង្គការ NATO។
* នៅថ្ងៃទី២២ ខែមីនា៖ ការវាយប្រហារភេរវកម្មនៅឯសាលតន្ត្រីមួយស្ថិតនៅជាយទីក្រុងមូស្គូ សម្លាប់មនុស្សយ៉ាងហោច ១៤៥នាក់ ហើយក្រុម ISIS បានអះអាងទទួលខុសត្រូវ។
៤. ខែមេសា
* ថ្ងៃទី១៣ ខែមេសា៖ អ៉ីរ៉ង់បានបាញ់ស្រោចមីស៊ីលគ្រូស បាលិស្ទីគ និងដ្រូនជាង៣០០គ្រឿង និងគ្រាប់ជាលើកដំបូងមិនធ្លាប់មានលើអ៉ីស្រាអែល។ ប៉ុន្តែ អ៉ីស្រាអែល អាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់បានបាញ់ទម្លាក់មីស៊ីល និងដ្រូនអ៉ីរ៉ង់ស្ទើរតែទាំងអស់។
៥. ខែឧសភា
* ថ្ងៃទី១៩ ខែឧសភា៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។
* ថ្ងៃទី៣០ ខែឧសភា៖ គណៈវិនិច្ឆ័យអាមេរិកបានរកឃើញថាលោក ដូណាល់ ត្រាំ មានពិរុទ្ធលើបទចោទទាំង៣៤ករណី ក្នុងសំណុំរឿងសូកលុយបំបិទមាត់។
៦. ខែមិថុនា
* នៅថ្ងៃទី១៦ ខែមិថុនា៖ គ្រោះទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីលបានសម្លាប់មនុស្ស ១៧៥នាក់។
* នៅថ្ងៃទី១៨ ខែមិថុនា៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ជាលើកដំបូងក្នុងពេល២៤ឆ្នាំ។
៧. ខែកក្កដា
* ថ្ងៃទី១៣ ខែកក្កដា៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរួចផុតពីការប៉ុនប៉ងធ្វើឃាតអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler រដ្ឋ Pennsylvania តែអ្នកគាំទ្រម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួស រីឯខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកងការពារ Secret Service។
* ថ្ងៃទី១៩ ខែកក្កដា៖ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព។
* ថ្ងៃទី២១ ខែកក្កដា៖ លោក ចូ បៃដិន ប្រកាសដកខ្លួនចេញពីការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាមួយការប្រកាសគាំទ្រលោកស្រី Kamala Harris។
* ថ្ងៃទី៣១ ខែកក្កដា៖ មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានអ៉ីស្រាអែលសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់។
៨. ខែសីហា
* ថ្ងៃទី៥ ខែសីហា៖ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានភៀសខ្លួនចេញពីប្រទេស នៅចំពោះមុខបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី។
* ថ្ងៃទី១១ ខែសីហា៖ មនុស្សទាំងអស់ ៦២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅប្រទេសប្រេស៊ីល។
* ថ្ងៃទី២៥ ខែសីហា៖ អ៉ីស្រាអែល និងហេសបូឡា ចាប់ផ្ដើមបង្កើនការបាញ់ផ្លោងដាក់គ្នា។
៩៖ ខែកញ្ញា
* ថ្ងៃទី១៥ ខែកញ្ញា៖ លោក ដូណាល់ ត្រាំ បានគេចផុតពីការប៉ុនប៉ងធ្វើឃាតជាលើកទី២។
* ថ្ងៃទី១៧ ខែកញ្ញា៖ ឧបករណីទាក់ទង Pagers របស់ក្រុមហេសបូឡា បានផ្ទុះនៅទូទាំងប្រទេសលីបង់ ហើយមួយថ្ងៃក្រោយមក វិទ្យុទាក់ទង ឬអាយកូមដែលប្រើប្រាស់ដោយហេសបូឡា បានផ្ទុះសាជាថ្មី។ ការផ្ទុះទាំង២លើកនេះដែលគេជឿថាជាស្នាដៃរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣៧នាក់ និងរងរបួសជិត ៣០០០នាក់។
* នៅថ្ងៃទី១៧ ខែកញ្ញា៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi ក្នុងប្រទេសវៀតណាម កើនដល់ ២៩១នាក់ និងជិត២០០០នាក់រងរបួស។
* នៅថ្ងៃទី២៧ ខែកញ្ញា៖ ព្យុះ Hurricane Helene បានវាយប្រហារលើរដ្ឋចំនួន៦ នៃភាគអាគ្នេយ៍សហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សយ៉ាងហោច ២៣០នាក់។
* នៅថ្ងៃទី២៧ ខែកញ្ញា៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលលើជាយភាគខាងត្បូងនៃទីក្រុងបេរូត ប្រទេសលីបង់។
១០៖ ខែតុលា
* ថ្ងៃទី១ ខែតុលា៖ អ៉ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលបាលិស្ទីគរាប់សិបគ្រាប់លើអ៉ីស្រាអែល តែមីស៊ីលទាំងនេះភាគច្រើនត្រូវបានបាញ់ទម្លាក់។
* ថ្ងៃទី១៧ ខែតុលា៖ មេដឹកនាំហាម៉ាស លោក Yahya Sinwar ត្រូវបានសម្លាប់ដោយទាហានអ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ លោក Sinwar ត្រូវបានអ៉ីស្រាអែលចាត់ទុកថាជាមេគំនិត នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើភាគខាងត្បូងអ៉ីស្រាអែល។
* ថ្ងៃទី២៦ ខែតុលា៖ អ៉ីស្រាអែលបើកការវាយប្រហារសងសឹកលើអ៉ីរ៉ង់ ចំពោះការវាយប្រហារកាលពីថ្ងៃទី១ ខែតុលា។
* ថ្ងៃទី២៩ ខែតុលា៖ សហរដ្ឋអាមេរិកបានទទួលស្គាល់ថាកូរ៉េខាងជើងបានបញ្ជូនកងទ័ពជាង ១០ ០០០នាក់ ទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។
១១៖ ខែវិច្ឆិកា
* ថ្ងៃទី៥ ខែវិច្ឆិកា៖ សហរដ្ឋអាមេរិករៀបចំការបោះឆ្នោតប្រធានាធិបតី ហើយលោក ត្រាំ បានទទួលជ័យជម្នះលោកស្រី Kamala Harris។
* ពីថ្ងៃទី៩ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា៖ គ្រោះទឹកជំនន់ដ៏មហន្តរាយមួយបានវាយប្រហារលើភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញដោយសម្លាប់មនុស្សជាង ២០០នាក់។
* ថ្ងៃទី១៧ ខែវិច្ឆិកា៖ សហរដ្ឋអាមេរិកបើកភ្លើងបៃតងឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយដែលខ្លួនផ្ដល់ឱ្យវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី។
* ថ្ងៃទី២៦ វិច្ឆិកា៖ អ៉ីស្រាអែល និងហេសបូឡា យល់ព្រមទទួលយកបទឈប់បាញ់។
១២៖ ខែធ្នូ
* ថ្ងៃទី៣ ខែធ្នូ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក តែច្បាប់នេះមានរយៈពេលត្រឹម៦ម៉ោង ហើយត្រូវបានលុបចោលទៅវិញ ក្រោយ មានការជំទាស់ពីសភា។
* ថ្ងៃទី១៤ ខែធ្នូ៖ លោក Yoon Suk Yeol ត្រូវបានសភាកូរ៉េខាងត្បូងបោះឆ្នោតចោទប្រកាន់ដកតំណែង និងត្រូវបានព្យួរតំណែង។
* ថ្ងៃទី៨ ខែធ្នូ៖ របបដឹកនាំរបស់លោកអតីតប្រធានាធិបតីស៊ីរី Bashar al-Assad បានដួលរលំ ដោយបិទបញ្ចប់ការដឹកនាំប្រទេសរបស់គ្រួសារ al-Assad នៅស៊ីរី អស់រយៈពេលជាង ៥០ឆ្នាំមកនេះ ក្រោយសម្ព័ន្ធក្រុមឧទ្ទាមស៊ីរីវាយចូលរដ្ឋធានីដាម៉ាស។ លោក Assad និងគ្រួសារ បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី។
* ថ្ងៃទី២៥ ខែធ្នូ៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines បានធ្លាក់នៅក្បែរទីក្រុង Aktau របស់កាហ្សាក់ស្ថាន ដោយសម្លាប់មនុស្ស ៣៨នាក់។ យន្ដហោះនេះផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរ ២៩នាក់ នៅរស់រានមានជីវិត។
* នៅថ្ងៃទី២៩ ខែធ្នូ៖ គ្រោះថ្នាក់ឆេះយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan បានផ្ដាច់ជីវិតមនុស្ស ១៧៩នាក់ ខណៈ២នាក់ ទៀតនៅរស់រានមានជីវិត។ យន្ដហោះនេះមានគោលដៅហោះហើរចេញពីទីក្រុងបាងកកនៃប្រទេសថៃ ឆ្ពោះទៅកាន់កូរ៉េខាងត្បូង ជាមួយអ្នកដំណើរសរុប ១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់។
* ថ្ងៃទី២៩ ខែធ្នូ៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណភាព នៅអាយុ១០០ឆ្នាំ។
* នៅថ្ងៃទី៣១ ខែធ្នូ៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភាបោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។ នេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញ ដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច៕