(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី៣១ ខែធ្នូ បានសន្យាថាប្រទេសរបស់លោកនឹងធ្វើអ្វីៗគ្រប់យ៉ាង ក្នុងឆ្នាំ២០២៥នេះ ដើម្បីបញ្ឈប់សង្រ្គាមឈ្លានពាន របស់រុស្ស៉ី ដែលអូសបន្លាយពេលជិត៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងនៅក្នុងសុន្ទករថាមួយទៅកាន់ប្រជាជាតិអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារ មុនឆ្លងចូលឆ្នាំ២០២៥ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ឆ្នាំ២០២៥ អាចនឹងក្លាយជាឆ្នាំរបស់យើង។ យើង ដឹងច្បាស់ថាសន្តិភាពនឹងមិនអាចផ្ដល់ឱ្យពួកយើងជាអំណោយនោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់រុស្ស៉ី និងបិទបញ្ចប់សង្រ្គាម»។ លោក ហ្សេលេនស្គី បានបន្ថែមថាក្នុងឆ្នាំ២០២៥ លោក និងប្រជាជនអ៊ុយក្រែនត្រូវតែតស៊ូប្រយុទ្ធដើម្បីអ៊ុយក្រែនដែលខ្លាំងក្លាគ្រប់គ្រាន់ ព្រោះមានតែអ៊ុយក្រែនខ្លាំងទេ ទើបគេគោរព និងស្ដាប់ ទាំងនៅឯសមរភូមិ និងនៅឯតុចរចា។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្ដល់ជំនួយយោធា និងកញ្ចប់ថវិកាជំនួយជិត ៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន មុននឹង លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងខែមករានេះ៕