(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃពុធ ទី១ ខែមករា បាននិយាយថាកោះតៃវ៉ាន់ត្រូវតែជំរុញការចំណាយលើកញ្ចប់ថវិកាយោធា ហើយបង្ហាញការប្ដេជ្ញាចិត្តដើម្បីការពារខ្លួនឯង នៅក្នុងសុន្ទរកថា ឆ្នាំថ្មី តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កោះតៃវ៉ាន់ កំពុងប្រឈមមុខនឹងសម្ពាធយោធាពីចិនដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ សហរដ្ឋអាមេរិកវិញ គឺជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធដ៏ធំបំផុតសម្រាប់តៃវ៉ាន់។ ប៉ុន្តែ ការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យតៃវ៉ាន់មានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់វ៉ាស៊ីនតោន នៅក្នុងការការពារតៃវ៉ាន់។ «តៃវ៉ាន់ត្រូវតែ ត្រៀមលក្ខណៈសម្រាប់គ្រោះថ្នាក់ នៅក្នុងពេលវេលានៃសន្តិភាព បន្តបង្កើនកញ្ចប់ថវិកាយោធា ពង្រឹងសមត្ថភាពយោធា ហើយបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងការការពារប្រទេស»។ នេះជាការគូសបញ្ជាក់ របស់លោក Lai Ching-te ក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯការិយាល័យរបស់លោក។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បាននិយាយថាតៃវ៉ាន់ត្រូវតែបង់ថ្លៃការពារបន្ថែមឱ្យសហរដ្ឋអាមេរិក ដើម្បីទទួលបានការការពារ ហើយថែមទាំងចោទតៃវ៉ាន់ថា បានលួចឧស្សាហកម្មឈីបរបស់សហរដ្ឋអាមេរិកទៀតផង។ ខណៈតៃវ៉ាន់បានបង្កើនការចំណាយលើកញ្ចប់ថវិកាយោធានារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ពិតតែ តែដែនកោះមួយនេះនៅតែបន្តពឹងផ្អែកយ៉ាងខ្លាំង លើការទិញអាវុធពីសហរដ្ឋអាមេរិក ជាមធ្យោបាយមួយដើម្បីកំញើញចិន៕