(សេអ៊ូល)៖ ប្រមុខក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង បាននិយាយថាលោកប្រធានាធិបតី Yoon Suk-yeol ដែលត្រូវបានព្យួរតំណែងជុំវិញការប្រកាសប្រើច្បាប់ អាជ្ញាសឹករបស់លោក នឹងត្រូវបានឃាត់ខ្លួន នៅមុនដីកាចាប់ខ្លួនរូបលោក អស់សុពលភាពនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Oh Dong-woon ជាប្រមុខការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃពុធ ទី១ ខែមករានេះថាដីកាចាប់ខ្លួនលោក Yoon នឹង ត្រូវបានអនុវត្ត ឱ្យបានមុនថ្ងៃផុតកំណត់ដែលត្រូវនឹងថ្ងៃចន្ទសប្ដាហ៍ក្រោយ។ «យើងមានគោលបំណងដំណើរការនីតិវិធីដោយរលូនគ្មានការរំខាន ប៉ុន្តែយើងក៏កំពុងសម្របសម្រួលដើម្បី ចល័តកម្លាំងប៉ូលិស និងមន្ត្រី ក្នុងការត្រៀមលក្ខណៈផងដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Oh Dong-woon ជាមួយការព្រមានថាអ្នកដែលរារាំងការឃាត់ខ្លួនលោក Yoon នឹងត្រូវប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៣១ ខែធ្នូ ថាតុលាការមួយក្នុងទីក្រុងសេអ៊ូល បានអនុម័តលើដីកាចាប់ខ្លួនលោក Yoon ហើយនេះគឺជាលើកដំបូងបំផុតដែលតុលាការចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ លោក Yoon កំពុងប្រឈមមុខការស៊ើបអង្កេតពីបទល្មើស ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកជាមេដឹកនាំនៃសកម្មភាពបះបោរមួយ តាមរយៈការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ៕