(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី៣ ខែមករា ក្រុមអ្នកស៉ើបអង្កេតនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តបញ្ឈប់ទៅវិញ នូវការព្យាយាម​អនុវត្តដីកាចាប់ខ្លួន ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ជុំវិញការប៉ុនប៉ងរបស់លោក ក្នុងការដាក់ប្រទេសក្រោម​ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យស៉ើបអង្កេតអំពើពុករលួយ CIO បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ពាក់ព័ន្ធទៅនឹងកិច្ចប្រឹងប្រែងអនុវត្តដីកាចាប់ខ្លួន នាថ្ងៃនេះ គឺការអនុវត្តត្រូវបានកំណត់ថា ហាក់មិនអាចទៅរួចឡើយ ដោយសារតែការប្រឈមមុខគ្នា ហើយក្តីកង្វល់ចំពោះ​សុវត្ថិភាពក្រុមការងារ នៅនឹងកន្លែងផ្ទាល់ ក៏បាននាំទៅរកការសម្រេចចិត្តផ្អាក ការអនុវត្តដីកា»។ នៅថ្ងៃសុក្រនេះ ក្រុមអ្នកស៉ើបអង្កេតដឹកនាំដោយ CIO ត្រូវបានរារាំងដោយកងអង្គរក្សការពារប្រធានាធិបតី នៅខាងក្រៅនិវេសនដ្ឋាន របស់ប្រធានាធិបតី អំឡុងការព្យាយាមអនុវត្តដីកាចាប់ខ្លួន លោក Yoon ដែលចេញដោយតុលាការ។

គួរបញ្ជាក់ថា លោក Yoon Suk Yeol ដែលត្រូវបានសភាព្យួរតំណែង ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កំពុងប្រឈមមុខនឹង ការស៊ើបអង្កេតព្រហ្មទណ្ឌក្រោមបទចោទប្រកាន់បះបោរ។ ការិយាល័យ CIO មានពេលរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក Yoon៕