(ប៉ារីស)៖ ក្រសួងការបរទេសនៃប្រទេសបារាំង បានប្រកាសឱ្យដឹងថា ប្រមុខការទូតរបស់ខ្លួន បានទៅដល់រដ្ឋធានីដាម៉ាស នាថ្ងៃសុក្រ ទី៣ ខែមករា ក្នុងការចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូង ដោយប្រទេសមហាអំណាចអឺរ៉ុប ដើម្បីជួបមេដឹកនាំស៉ីរីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ចំណែក ទីក្រុងបែរឡាំង បាននិយាយថា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock ក៏នឹងចូលរួមជាមួយ រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot ក្នុងការបំពេញទស្សនកិច្ចនោះផងដែរ ហើយប្រមុខការទូតទាំងពីររូប នឹងបើកកិច្ចពិភាក្សាតំណាងឱ្យសហភាពអឺរ៉ុប (EU) ជាមួយលោក Ahmed al-Sharaa ដែលជាអ្នកដឹកនាំ អតីតកងកម្លាំងក្រុមឧទ្ទាម ក្នុងកិច្ចប្រឹងប្រែងផ្តួលរំលំ មេដឹកនាំដ៏យូរអង្វែងរបស់ស៉ីរី លោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤។
លោក al-Assad ត្រូវបានផ្តួលរំលំចេញពីអំណាច កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំមុន និងបានរត់ទៅជ្រកកោននៅប្រទេសរុស្ស៉ី ក្រោយអតីតក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) របស់លោក al-Sharra បានដឹកនាំប្រតិបត្តិការវាយលុក ដែលមានល្បឿនយ៉ាងឆាប់រហ័សបំផុត ប្រឆាំងកងកម្លាំងរដ្ឋាភិបាល កាលពីចុងខែវិច្ឆិកា ហើយដណ្តើមកាន់កាប់បាន ទីក្រុងជាបន្តបន្ទាប់ រហូតដល់រដ្ឋធានីដាម៉ាស។
គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលនៅស៉ីរី បានផ្ទុះឡើងដំបូង តាំងពីជាង១០ឆ្នាំមុនម៉្លេះ។ ក្រុមប្រទេសលោកខាងលិច បានបង្ហាញការស្វាគមន៍ ចំពោះការដួលរលំនៃរបបលោក al-Assad ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ពួកគេព្រួយបារម្ភថា ប្រទេសស៉ីរីអាចនឹងធ្លាក់ទៅក្នុងភាពវឹកវរបន្ថែមទៀត ស្រដៀងទៅនឹងអ្វីដែលធ្លាប់បានកើតឡើង នៅឯប្រទេសលីប៊ី ក្រោយការផ្តួលរំលំលោក Muammar Gaddafi៕