(ការ៉ាកាស)៖ មេដឹកនាំគណបក្សប្រឆាំងនៅវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez ដែលអះអាងថាជាអ្នកឈ្នះ ការបោះឆ្នោតប្រធានាធិបតី ហើយកំពុងរស់នៅក្នុងប្រទេសអេស្ប៉ាញ បាននិយាយថា លោកនឹងធ្វើដំណើរទៅអាហ្សង់ទីន នាចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។

ក្រុមប្រឆាំងដ៏ធំនៅវ៉េណេស៊ុយអេឡា បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «លោក Gonzalez នឹងជួបប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei ដែលកំពុងមានជម្លោះការទូត ជាមួយរដ្ឋាភិបាលលោក Nicolas Maduro នៅឯគេហដ្ឋានប្រធានាធិបតី ក្នុងទីក្រុង Buenos Aires»

ដំណើរទស្សនកិច្ចអន្តរជាតិរបស់ លោក Gonzalez នឹងកើតឡើងប៉ុន្មានថ្ងៃ មុនពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតី លោក Maduro សម្រាប់អាណត្តិទី ៣ នៅថ្ងៃទី១០ ខែមករា។ លោក Gonzalez ធ្លាប់និយាយម្តងហើយម្តងទៀតថា នឹងត្រលប់ទៅវ៉េណេស៊ុយអេឡាវិញ ដើម្បីស្បថចូលកាន់តំណែងប្រធានាធិបតី ទោះបីជាមានដីកាកំពុងរង់ចាំរូបលោក ពីបទសមគំនិត និងប្រាក់រង្វាន់ ១០០ ០០០ដុល្លារសម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួន ដោយអង្គភាពប៉ូលិសស៉ើបអង្កេតវ៉េណេស៊ុយអេឡាក៏ដោយ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡា និងអាហ្សង់ទីនកាន់តែធ្លាក់ចុះ នៅគ្រាដែររដ្ឋាភិបាលអាហ្សង់ទីន ដាក់ពា្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ជុំវិញការចាប់ឃុំសមាជិកកងកម្លាំងសន្តិសុខរបស់ខ្លួន ដែលគ្រាន់ទៅជួបសួរសុខទុក្ខសាច់ញាតិ នៅវ៉េណេស៊ុយអេឡា។ ប៉ុន្តែរដ្ឋអាជ្ញា​វ៉េណេស៊ុយអេឡា​និយាយ​ថា បុរស​រូបនោះ កំពុង​ត្រូវ​បាន​ស៉ើបអង្កេត​ពី​បទ​ចោទពាក់ព័ន្ធនឹង​អំពើ​ភេរវកម្ម៕