(ប្រាទីស្លាវ៉ា)៖ នាយករដ្ឋមន្រ្តី លោក Robert Fico បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមចម្រុះនៃរដ្ឋាភិបាលស្លូវ៉ាគី នឹងពិភាក្សាគ្នាចាត់វិធានការសងសឹកប្រឆាំងអ៊ុយក្រែន បន្ទាប់ពីបំពង់ឧស្ម័នរុស្ស៉ីហូរកាត់តាមអ៊ុយក្រែនមកស្លូវ៉ាគី ត្រូវបានបញ្ឈប់ដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៤។
នៅក្នុងសារជាវីដេអូបង្ហោះលើហ្វេសប៊ុក លោក Fico បញ្ជាក់ថា «ខ្ញុំសូមប្រកាស គណបក្ស Smer របស់ខ្ញុំត្រៀមរួចរាល់ ហើយដើម្បីជជែកវែកញែក និងឯកភាពក្នុងក្រុមចម្រុះលើការផ្អាកផ្គត់ផ្គង់អគ្គិសនី ហើយកាត់បន្ថយការផ្តល់ជំនួយដល់ ពលរដ្ឋអ៊ុយក្រែន នៅក្នុងប្រទេសស្លូវ៉ាគី។ ជម្រើសតែមួយគត់សម្រាប់អធិបតេយ្យភាពស្លូវ៉ាគី គឺការបន្តឱ្យមានលំហូរឆ្លងកាត់ ឬការទាមទារយន្តការសំណង ដែលនឹងជំនួសការខាតបង់ហិរញ្ញវត្ថុសាធារណៈ ជិត ៥០០លានអឺរ៉ូ»។
គួរបញ្ជាក់ថា ស្លូវ៉ាគីមានប្រភពផ្គត់ផ្គង់ឧស្ម័នជំនួសហើយ ប៉ុន្តែលោក Fico ដែលបានបញ្ចប់ជំនួយយោធាដល់អ៊ុយក្រែន និងស្វែងរកទំនាក់ទំនងកាន់តែកក់ក្តៅជាមួយទីក្រុងមូស្គូ និយាយថា ស្លូវ៉ាគីនឹងបាត់បង់ប្រាក់ចំណូលផ្ទាល់ខ្លួនពីលំហូរឆ្លងកាត់ ហើយត្រូវបង់ថ្លៃដឹកជញ្ជូនបន្ថែម ដើម្បីនាំយកឧស្ម័នដែលមិនមែនជារបស់រុស្ស៉ី។
លោកក៏បាននិយាយផងដែរថា តម្លៃឧស្ម័ន និងថាមពលនៅអឺរ៉ុប នឹងកើនឡើងដោយសារសកម្មភាពរបស់អ៊ុយក្រែន។ គណៈប្រតិភូស្លូវ៉ាគីនឹងពិភាក្សាអំពីស្ថានភាពនេះ នៅទីក្រុងព្រុចសែល នាថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់មកក្រុមចម្រុះ កំពុងកាន់អំណាចរបស់លោក នឹងពិភាក្សាអំពីការសងសឹកចំពោះអ្វី ដែលជាការបំផ្លិចបំផ្លាញដោយ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន៕