(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang mok បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដោយនិយាយនៅថ្ងៃសុក្រ ទី៣ ខែមករានេះថា ទំនាក់ទំនងការទូតរបស់កូរ៉េខាងត្បូង នៅតែមានស្ថិរភាព បើទោះជាមានវិបត្តិនយោបាយក្នុងស្រុក មិនធ្លាប់មានពីមុនមកដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមការិយាល័យប្រធានាធីបតីស្តីទី លោក Choi បាននិយាយដូចខាងលើ ទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាស៉ីមួយនេះ លោក Philip Goldberg និងមេបញ្ជាការកងកម្លាំងអាមេរិក-កូរ៉េ លោក Xavier Brunson នៅពេលផ្លាស់ប្តូរទស្សនៈគ្នា លើសម្ព័ន្ធភាពទ្វេភាគី ក៏ដូចជាអំពីរដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ។

លោក Choi គូសបញ្ជាក់ថា «ទោះជាកំពុងមានស្ថានភាពលំបាកក្តី កិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់យើង នឹងបន្តអនុវត្តដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយសហរដ្ឋអាមេរិក ដោយមិនងាករេឡើយ»។ លោក Choi បន្ថែមថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគួរតែខិតខំប្រឹងប្រែងយ៉ាងសកម្មទៅវិញទៅមក ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមួយប្រទេសជប៉ុន បន្តទៅមុខទៀត។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Choi ដែលបច្ចុប្បន្នជាប្រធានាធិបតីស្តីទី ជំនួសលោក Yoon Suk Yeol បានមកដឹកនាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ការពង្រឹងទំនាក់ទំនងយូរអង្វែងជាមួយជប៉ុន ដែលជាប្រទេសជិតខាង គឺជាអាទិភាពនៃគោលនយោបាយការបរទេសរបស់ លោក Yoon៕