(គូឡាឡាំពួរ)៖ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ី បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងបង្កើនការល្បាតទ្វេដង នៅក្នុងដែនទឹករបស់ខ្លួន ដើម្បីស្វែងរកទូកដែលដឹកជនចំណាកស្រុកមីយ៉ាន់ម៉ា ដែលគ្មានឯកសារ បន្ទាប់ពីអាជ្ញាធរបានឃាត់ខ្លួនជនចំណាកស្រុកជិត ២០០នាក់ នៅលើកោះមួយ ក្នុងរដ្ឋ Kedah ភាគពាយព្យនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឆ្មាំឆ្នេរសមុទ្របានឱ្យដឹងថា ប៉ូលិសបានឃាត់ខ្លួនជនចំណាកស្រុកមីយ៉ាន់ម៉ា ដែលគ្មានឯកសារចំនួន ១៩៦ នាក់ នៅព្រឹកព្រលឹមថ្ងៃសុក្រ បន្ទាប់ពីទូករបស់ពួកគេបានមកដល់ឆ្នេរ នៅលើកោះរមណីយដ្ឋាន Langkawi។
ឆ្មាំសមុទ្របានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ផ្អែកលើព័ត៌មានដែលឆ្មាំឆ្នេរសមុទ្របានទទួល មានទូកពីរបន្ថែមទៀតដែលដឹកជនចំណាកស្រុកមីយ៉ាន់ម៉ា ដែលគ្មានឯកសារនៅសមុទ្រ ប៉ុន្តែទីតាំងពិតប្រាកដរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយ»។
អគ្គនាយកឆ្មាំសមុទ្រម៉ាឡេស៊ី លោក Mohd Rosli Abdullah បានបញ្ជាក់ថា អាជ្ញាធរកំពុងល្បាតនៅដែនទឹកភាគខាងជើងនៃទីក្រុង Langkawi និងតំបន់ព្រំដែន ព្រមទាំងបានរៀបចំការឃ្លាំមើលតាមអាកាស ដើម្បីស្វែងរកទូកទាំងនោះ។ លោកបានបន្ថែមថា ឆ្មាំឆ្នេរសមុទ្រ ក៏កំពុងទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីតាមដានចលនារបស់ទូកទាំងនោះ។
គួរបញ្ជាក់ថា ម៉ាឡេស៊ី ដែលមិនទទួលស្គាល់ឋានៈជនភៀសខ្លួន គឺជាគោលដៅពេញចិត្តសម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ឬជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ម៉ាឡេស៊ី បានចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ រួមទាំងការបណ្តេញទូក និងការឃុំខ្លួនជនចំណាកស្រុក៕