(ឈីស៊ីណូវ)៖ នាយករដ្ឋមន្រ្តីម៉ុលដូវ៉ា លោក Dorin Recean បានព្រមានថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹង «វិបត្តិសន្តិសុខ» បន្ទាប់ពីរុស្ស៊ី បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់ Transdniestria ដែលជាតំបន់ផ្តាច់ខ្លួន ដែលគាំទ្រដោយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ននេះ ធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានប្រកាសថា នឹងមិនបន្តដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបទៀតឡើយ នៅចុងឆ្នាំ ២០២៤។

លោក Recean បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រើប្រាស់ថាមពលធ្វើជាអាវុធ ដើម្បីដាក់សម្ពាធទៅលើប្រទេសម៉ុលដូវ៉ា និងបង្កអស្ថិរភាពនៅក្នុងតំបន់។ លោក បានបញ្ជាក់ថា ម៉ុលដូវ៉ា មានសមត្ថភាព ក្នុងការផ្គត់ផ្គង់ថាមពលដល់ប្រជាជនរបស់ខ្លួន ប៉ុន្តែតំបន់ Transdniestria ដែលពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីម៉ុលដូវ៉ារូបនេះ ក៏បានព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់វិបត្តិនេះដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ Transdniestria និងគាំទ្រដល់ក្រុមផ្តាច់ខ្លួន។ លោក បានបញ្ជាក់ថា ម៉ុលដូវ៉ានឹងមិនអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់តំបន់នេះ ដើម្បីវាយប្រហារអ៊ុយក្រែនឡើយ។

ទោះបីជាមានការព្រមានពីលោក Recean ក៏ដោយ ក៏មេដឹកនាំតំបន់ Transdniestria បានអះអាងថា តំបន់នេះមានទុនបំរុងឧស្ម័នគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ខ្លួនឯង ក្នុងរយៈពេលខ្លី។ លោក ក៏បានបដិសេធការចោទប្រកាន់ថា រុស្ស៊ីកំពុងប្រើប្រាស់តំបន់នេះដើម្បីបង្កអស្ថិរភាពនៅម៉ុលដូវ៉ាផងដែរ។

គួរបញ្ជាក់ថា តំបន់ Transdniestria គឺជារដ្ឋដែលប្រកាសឯករាជ្យដោយខ្លួនឯង ប៉ុន្តែមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសម៉ុលដូវ៉ា និងអ៊ុយក្រែន៕