(សិង្ហបុរី)៖ នៅក្នុងឆ្នាំ២០២៥ គោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះចិន រួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលនឹងជះឥទ្ធិពលយ៉ាងខ្លាំងលើជម្លោះនៅឯតំបន់សមុទ្រចិនខាងត្បូង។ កាលពីឆ្នាំ២០២៤ ភាពតានតឹងរវាងចិន និងហ្វីលីពីនបានកើនឡើងដល់ចំណុចដ៏គ្រោះថ្នាក់មួយ រហូតដល់ក្រុមអ្នកវិភាគខ្លះបារម្ភថាសមុទ្រចិនខាងត្បូង អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយថាប្រសិនបើ ស្ថានការណ៍កាន់តែអាក្រក់ឡើង សហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តធ្វើអន្តរាគមន៍ជួយសម្ព័ន្ធមិត្តរបស់ខ្លួន ដែលនេះអាចនឹងបង្កទៅជាវិបត្តិដ៏ធំមួយនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

ជាសំណាងល្អ ជម្លោះប្រដាប់អាវុធមិនបានផ្ទុះឡើងទេ នោះក៏ដោយសារតែមានកិច្ចព្រមព្រៀងមួយរវាងចិន និងហ្វីលីពីន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ Second Thomas Shoal។ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងទេថាតើកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តន៍ដែរឬក៏យ៉ាងណា ក្នុងឆ្នាំ២០២៥? ជាពិសេសក្នុងករណីដែលចិនមានបំណងធ្វើតេស្ដលើការប្ដេជ្ញាចិត្តរបស់រដ្ឋបាលលោក ត្រាំ ចំពោះសម្ព័ន្ធភាពអាមេរិក- ហ្វីលីពីន។ នៅត្រង់ចំណុចនេះ ជាដំណឹងល្អសម្រាប់ហ្វីលីពីន នោះគឺថាសហរដ្ឋអាមេរិកនឹងឆ្លងផុតការធ្វើតេស្ដនេះ។ ពីព្រោះបើទោះជាលោក ត្រាំ ប្រកាន់យកយុទ្ធសាស្ត្រអ្នករកស៊ីចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ តែលោកក៏ទទួលស្គាល់ដែរពីតួនាទីដ៏សំខាន់របស់ហ្វីលីពីន នៅក្នុងគោលនយោបាយការពារជាតិរបស់សហរដ្ឋអាមេរិក នោះក៏ដោយសារតែទីតាំងភូមិសាស្ត្ររបស់ហ្វីលីពីន ដែលស្ថិតនៅទល់មុខនឹងសមុទ្រចិនខាងត្បូង និងស្ថិតនៅក្បែររបងផ្ទះរបស់តៃវ៉ាន់។

ណាមួយ មន្ត្រីកំពូលៗដែលលោក ត្រាំ បានតែងតាំងសម្រាប់រដ្ឋបាលថ្មីរបស់លោក ក្នុងនោះរួមមានទាំងលោក Marco Rubio ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Mike Waltz ជាទីប្រឹក្សាសន្តិសុខជាតិសុទ្ធសឹងតែជាមនុស្សគាំទ្រដល់សម្ព័ន្ធភាពជាមួយហ្វីលីពីន។ កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilbert Teodoro បានបង្ហាញជំនឿថាលោក ត្រាំ នឹងមិនប្រកាន់យក យុទ្ធសាស្ត្រដូចអ្នករកស៊ីចំពោះសម្ព័ន្ធភាពជាមួយហ្វីលីពីននោះទេ។ បើពិតជាដូច្នោះមែន នោះហ្វីលីពីនមិនត្រឹមតែអាចទទួលបានផលប្រយោជន៍ពីវិស័យការពារជាតិនៅក្រោមអាណត្តិរបស់លោក បៃដិនប៉ុណ្ណោះទេ តែលោក ត្រាំ ក៏អាចនឹងជំរុញទំនាក់ទំនងសន្តិសុខជាមួយហ្វីលីពីនផងដែរ ក្នុងនោះមានដូចជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ការដឹកនាំប្រតិបត្តិការល្បាតដោយសហរដ្ឋអាមេរិក និងការបង្កើនប្រតិបត្តិការនៃសេរីភាពនាវាចរណ៍ កាន់តែញឹកញាប់ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលបានថយចុះនៅក្រោមអាណត្តិលោក បៃដិន។ រឿងទាំងអស់នេះប្រសិនបើកើតឡើងមែន ភាពតានតឹងជាមួយចិនដែលចោទហ្វីលីពីនថាជា proxy ឬតួអង្គតំណាងរបស់ សហរដ្ឋអាមេរិក នឹងនៅតែកើនឡើងក្នុងឆ្នាំ២០២៥ ឬអាចកាន់តែអាក្រក់ទៀតផង បើរដ្ឋបាលលោក Marcos ទទួលយក ឬយល់ព្រមឱ្យនាវាចម្បាំងអាមេរិក អមដំណើរសម្រាប់បេសកកម្មផ្គត់ផ្គង់ឡើងវិញ ទៅកាន់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

ក្រៅពីនេះ បញ្ហាមួយទៀតដែលគេកំពុងតាមដានក្នុងឆ្នាំនេះដែរ នោះគឺថាតើចិនអាចនឹងដំឡើងសាច់ដុំដាក់វៀតណាម ជុំវិញការទាមទារអធិបតេយ្យលើទីប្រជុំកោះ Spratlys ដែរ ឬទេ? ម្យ៉ាងបើវៀតណាម សាងសង់ផ្លូវ សម្រាប់យន្ដហោះនៅលើតំបន់ប្រជុំកោះនេះ នោះវានឹងផ្ដល់ភាពងាយស្រួលដល់វៀតណាមក្នុងការធ្វើប្រតិបត្តិការក្នុងគ្រាអាសន្នណាមួយ។ មកទល់នឹងពេលនេះ ចិនជាសាធារណៈនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះរឿង មួយនេះ។ វាអាចប្រហែលមកពីចិនមិនចង់ឱ្យទំនាក់ទំនងដែលកំពុងល្អប្រសើរឡើងជាមួយវៀតណាមប្រែទៅជាល្អក់កករ ឬក៏ប្រហែលមកពីចិនមិនចង់មានជម្លោះជាមួយវៀតណាម ក្នុងពេលដែលខ្លួនកំពុងមានជម្លោះជាមួយ ហ្វីលីពីនដែរនោះទេ ព្រោះរឿងបែបនេះមានតែផ្ដល់ឱកាស និងផលចំណេញដល់អាមេរិកប៉ុណ្ណោះ។ ប៉ុន្តែពេលវេលានឹងជាអ្នកប្រាប់ថាតើការអត់ធ្មត់របស់ចិនចំពោះទីក្រុងហាណូយ នឹងមានរយៈពេលយូរប៉ុនណា។

ដូច្នេះបើគ្មានយន្ដការគ្រប់គ្រងជម្លោះដ៏គួរឱ្យទុកចិត្តបានទេ នោះអ្វីដែលគេអាចរំពឹង ឬអាចនឹងបានឃើញនៅឯសមុទ្រចិនខាងត្បូង ក្នុងឆ្នាំនេះ គឺការប៉ះទង្គិចគ្នា កាណុងបាញ់ទឹក ហិង្សា ការបង្កើនវត្តមានយោធា និងការបង្កើនការទិញអាវុធ៕