(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នឹងលែងមានវត្តមាន នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិទៀតហើយ បន្ទាប់ពីប្រធានាធិបតី លោក Ferdinand Marcos Jr. បានសម្រេចចេញបញ្ជាឱ្យដកលោកស្រីចេញពីក្នុងនោះ ក្រោយសម្ព័ន្ធភាពរវាងអ្នកទាំងពីរ បានដួលរលំកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥។

លោក Marcos បាននិយាយថា ការរៀបចំសាឡើងវិញ នៃក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) គឺជារឿងចាំបាច់ ដើម្បីធានាថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាមួយនេះ ថែរក្សានិងការពារសន្តិសុខក៏ដូចជាអធិបតេយ្យជាតិ។ ទីប្រឹក្សាលោក Marcos បានលើកឡើងថា នាពេលនេះ អនុប្រធានាធិបតី Sara Duterte មិនត្រូវបានចាត់ទុកថា អាចប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ នៃសមាជិករបស់ NSC ឡើយ។

គួរបញ្ជាក់ថា លោកស្រី Sara Duterte ដែលត្រូវជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កំពុងប្រឈមមុខនឹងការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធអំពើពុករលួយ ខណៈលោកស្រី បានច្រានចោលការចោទប្រកាន់នានា។ កាលពីអំឡុងចុងឆ្នាំមុន លោកស្រី Duterte ធ្លាប់បាននិយាយថា លោកស្រីបានជួលឃាតករ ឱ្យត្រៀមសម្លាប់លោក Marcos និងភរិយារបស់លោក ព្រមទាំងបងប្អូនជីដូនមួយ ដែលជាប្រធានសភា ប្រសិនបើលោកស្រី ត្រូវបានគេធ្វើឃាត។ ក្រោយភាពចម្រូងចម្រាសផ្ទុះឡើង ដោយសារការលើកឡើងនោះ លោកស្រី Duterte ក៏បានចេញអះអាងវិញថា សម្តីរបស់លោកស្រី ត្រូវបានគេយល់ខុស៕