(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃសៅរ៍ ទី៤ ខែធ្នូនេះថា កងកម្លាំងរុស្ស៉ីបន្តបើកការវាយប្រហារនៅក្បែរទីក្រុង Pokrovsk ក្នុងកិច្ចខិតខំប្រឹងប្រែងរុលឆ្លងកាត់ពីភាគខាងត្បូង និងដេីម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Viktor Trehubov អ្នកនាំពាក្យក្រុមកងកម្លាំង Khortytsia របស់អ៊ុយក្រែន បានប្រាប់ទូរទស្សន៍ជាតិ ដូច្នេះថា « គោលដៅ Pokrovsk ស្ថិតក្នុងស្ថានភាពក្តៅគគុក ដោយរុស្ស៉ីបានវាយប្រហារ ៣៤លេីកក្នុងរយៈពេល ២៤ម៉ោងកន្លងមក ហើយព្យាយាមទម្លុះខ្សែការពាររបស់យើងនៅភាគខាងត្បូងនៃទីក្រុងមួយនេះ»។
តាមលោក Trehubov កងកម្លាំងរុស្ស៉ីកំពុងព្យាយាមបិទផ្លូវផ្គត់ផ្គង់ដោយបញ្ជូនទាហានក្រុមតូចៗឱ្យទៅតាំងទីលំនៅ នៅភាគខាងត្បូងទីក្រុង Pokrovsk។ រុស្ស៉ីមិនចូលទៅក្នុងទីក្រុងដោយផ្ទាល់ទេ ព្រោះតែមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅទីនោះ ដូច្នេះដំបូងពួកគេព្យាយាមឆ្លងកាត់ទីក្រុង និង រំខានខ្សែច្រវាក់ដឹកជញ្ជូន។
គួរបញ្ជាក់ថា បំណងចាប់យកផ្លូវថ្នល់ និងផ្លូវដែកនៅតំបន់ Donetsk ភាគខាងកើតអាចបង្កើតការលំបាកធ្ងន់ធ្ងរសម្រាប់កងទ័ពអ៊ុយក្រែននៅជួរមុខ ហើយថែមទាំងអនុញ្ញាតឱ្យរុស្ស៉ីពង្រឹង និងជំរុញខ្សែការពាររបស់ខ្លួនឆ្ពោះទៅភាគខាងលិចផងដែរ៕