(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា បានទទួលស្គាល់ថាកិច្ចចរចាដោយប្រយោលជាមួយក្រុមហាម៉ាស បានចាប់ផ្ដើមឡើងវិញហើយ នៅក្នុងប្រទេសកាតា ដើម្បីស្វែងរកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រាប់សាច់ញាតិរបស់ចំណាប់ខ្មាំងម្នាក់ថាកិច្ចប្រឹងប្រែងកំពុងប្រព្រឹត្តទៅដើម្បីស្វែងរកការដោះលែង ចំណាប់ខ្មាំង ហើយគួរឱ្យកត់សម្គាល់ ប្រតិភូអ៉ីស្រាអែលបានចេញដំណើរកាលពីថ្ងៃសុក្រ ដើម្បីចូលរួមកិច្ចចរចាក្នុងប្រទេសកាតា»។
គួរបញ្ជាក់ថា ក្រុមហាម៉ាស ក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដែរថាកិច្ចចរចាដោយប្រយោលបានចាប់ផ្ដើមឡើងវិញកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងរាជធានីដូហា នៃប្រទេសកាតា។ ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល ភាគីទាំងសងខាងនៅតែមានការខ្វែងគំនិតគ្នាជុំវិញចំនួនចំណាប់ខ្មាំងត្រូវដោះលែង ហើយម្យ៉ាងអ៉ីស្រាអែលធ្លាប់បាន អះអាងថាខ្លួនមានគោលដៅកម្ទេចក្រុមហាម៉ាស ហើយមិនទទួលយកបទឈប់បាញ់ពេញលេញមួយនោះទេ។ អ៉ីស្រាអែលថែមទាំងនិយាយទៀតផងថាខ្លួននឹងបន្តដាក់ពង្រាយ កងកម្លាំងនៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ហ្កាហ្សា បើទោះជាអាចយល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយក៏ដោយ៕