(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា បានសន្យាថានឹងសងសឹកវិញ បន្ទាប់ពីខ្លួនបានអះអាងពីការបាញ់ទម្លាក់មីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន៨គ្រាប់ ដែលត្រូវបានអ៊ុយក្រែនប្រើប្រាស់ នៅក្នុងការវាយប្រហារលើតំបន់ Belgorod។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃទី៣ ខែមករា មានការប៉ុនប៉ងមួយរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើតំបន់ Belgorod ដោយប្រើមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះរបស់របបកៀវ ដែលទទួលបានការគំាទ្រពីលោកខាងលិចនឹងត្រូវប្រឈមមុខនឹងការសងសឹកវិញ»។ក្រសួងបន្ថែមថាមីស៊ីល ATACMS ទាំង៨គ្រាប់ត្រូវបានបាញ់ទម្លាក់។ តែក្រុមមន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា ATACMS ជាមីស៊ីលផលិតដោយសហរដ្ឋអាមេរិកដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ និងត្រូវបានអភិវឌ្ឍដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលប្រភេទនេះវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី កាលពីឆ្នាំ២០២៤៕